ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា រំពឹង នឹងទទួលទេសចរអន្ដរជាតិប្រមាណ ១,៥លាននាក់ ទៅ២លាននាក់នៅឆ្នាំ២០២២នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦ ខាងមុខ។
តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍» (RETHINKING TOURISM) បានឱ្យដឹងថា កម្ពុជា បើកសកម្មភាពសេដ្ឋកិច្ច សង្គម ពេញលេញលើគ្រប់វិស័យ និងទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង។
សម្ដេចតេជោ បញ្ជាក់ថា «បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទទួលនូវកំណើនភ្ញៀវទេសចរ អន្តរជាតិជាបណ្តើរៗ ហើយរំពឹងថានៅឆ្នាំ២០២២ នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១,៥ លាននាក់ ទៅ ២លាននាក់ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦»។
សម្ដេចតេជោ បន្ដថា ជាការពិត ការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ច សង្គមដ៏ចម្បងមួយសម្រាប់កម្ពុជា គឺទាមទារឱ្យមានការគិតគួរឱ្យបានគ្រប់ជ្រុងជ្រោយ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅ លើការធានាចីរភាពកំណើននៃវិស័យដ៏មានសារៈសំខាន់នេះ។
សម្ដេចតេជោ បន្ថែមថា ចំណុចនេះទាមទារចាំបាច់ឱ្យមានការបន្តគិតគួរ លើការជំរុញពិពិធកម្ម គំនិតច្នៃប្រឌិត នវានុវត្តន៍ ដើម្បីធានាភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជានៅក្នុង កម្រិតតំបន់ និងសកលលោក។ ក្នុងន័យនេះ សម្ដេច ក៏បានអំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាប័ន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ៕