ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងដាក់​ឱ្យ​ប្រើប្រាស់​សាក​ល្បង ​ដោយឥតគិតថ្លៃពេញ ១ខែតុលា​

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ សាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ កញ្ញា នេះ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គឺជាផ្លូវល្បឿនលឿនដំបូងបង្អស់ នៅកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់ សម្រាប់ការប្រើប្រាស់ផ្លូវនេះ។

ក្រសួង បញ្ជាក់ថា «ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ផ្លូវល្បឿនលឿន ដល់សាធារណជនឱ្យបានទូលំទូលាយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគ បានសម្រេចអនុញ្ញាតឱ្យសាធារណជន ដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះ ដោយឥតគិតថ្លៃក្នុងរយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២»។

សូមបញ្ជាក់ជូនថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់ លើផ្លូវល្បឿនលឿន រួមមាន៖ រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរិមាលើសពី ៧០គ.ម/ម៉ោង ( កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឡើងទៅ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់សាធារណជន សូមមេត្តចូលរួមគោរពបទបញ្ជា និងសេចក្ដីណែនាំនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុ ចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធមិនអនុញ្ញាត ឱ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីមិនអនុវត្តតាមការណែនាំ៕

To Top