ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជាមានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភពលោក ជាពិសេសមីយ៉ាន់ម៉ា ប៉ុន្តែកម្ពុជានឹងព្យាយាមខិតខំដោះស្រាយ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។
នាឱកាសអនុញ្ញាតឲ្យលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា «ក្នុងក្របខណ្ឌ ជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចចាត់ទុកថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជា មានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភពលោក ជាពិសេសដូចជា មីយ៉ាន់ម៉ាជាដើម ដោយសម្ដេចនឹងព្យាយាមខិតខំ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ»។
ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង សម្ដេចតេជោ បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃសមុទ្រចិនខាងត្បូង ដែលបានចុះហត្ថលេខា រវាងអាស៊ាន ជាមួយប្រទេសចិន នៅរាជធានីភ្នំពេញ ឆ្នាំ២០០២ ឥឡូវនេះឆ្នាំ២០២២ ដូច្នេះអ្វីដែលសម្ដេចចង់ឃើញ គឺការបន្តអនុវត្តឲ្យបានពេញលេញនូវ DOC ហើយសម្ដេច ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ គឺថាយើងខិតខំជំរុញការចរចា ដើម្បីចេញនៅ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ។
សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរ អំពីស្ថានភាពនៅអឺរ៉ុប ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយលោក Charles Michel ក៏បានបញ្ជាក់ដែរពីការផ្លាស់ប្ដូរ យោបល់ដោយមានការស្មោះត្រង់ ជាពិសេសទៀត ឲ្យមានការទុកចិត្តគ្នា ។
លោក Charles Michel ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ាន គឺមានសារៈសំខាន់ ជាពិសេសទៀត អ្វីដែលយើងកំពុងមានការប្រឈម និងមានការលំបាកក៏ដោយ ប៉ុន្តែមានទស្សនៈដាច់ដោយឡែកដ៏សំខាន់ ដោយខិតខំរកមធ្យោបាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងអឺរ៉ុប ជាមួយនឹងអាស៊ាន ហើយបានចែករំលែកនូវទស្សនៈអំពីភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាទាក់ទងនឹងរុស្ស៊ីផងដែរ៕