កីឡា

សម្តេចតេជោ នឹងអញ្ជើញ បើកមហាសន្និបាត ក្រុមប្រឹក្សាកីឡា អូឡាំពិកអាស៊ី នាដើមខែតុលា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិក អាស៊ីលើកទី៤ (41st OCA General Assembly) ដែលកម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ នៅចុងសប្ដាហ៍នេះចាប់ពីថ្ងៃទី១-៥ ខែតុលា ឆ្នាំ២០២២ ។ មហាសន្និបាតនេះ មានប្រតិភូកីឡា និងឥស្សរជនជាន់ខ្ពស់ នៃចលនាអូឡាំពិកអាស៊ី និងពិភពលោក ប្រមាណ៤០០នាក់ចូលរួមផងដែរ ។ នេះបើតាមការចេញផ្សាយ ពីទូរទស្សន៍ជាតិកម្ពុជា ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឲ្យដឹងថា ពិធីបើកមហាសន្និបាតនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ដោយសម្ដេចនឹងថ្លែង សន្ទរកថាគន្លឹះ ដើម្បីបង្ហាញសុច្ឆន្ទៈដ៏ខ្លាំងក្លា របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងជំរុញចលនាកីឡាជាតិ ចលនាកីឡាអូឡាំពិក ក៏ដូចជាសន្ទរកថា គន្លឹះបង្ហាញសក្ដានុពល របស់រាជរដ្ឋាភិបាល ចំពោះនយោបាយកីឡាជាតិ ជាមួយចលនាអូឡាំពិកអន្ដរជាតិ ដើម្បីកសាងពិភពលោកមួយដ៏ល្អប្រសើរ តាមពាក្យស្លោក របស់អូឡាំពិក “Sports Build Better World” ដែលបានន័យថា កីឡាគឺបានកសាងពិភពលោក មួយឲ្យមានសុខដុមរមនាផងដែរ ។

លោកថា កម្ពុជា ចាត់ទុកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីនេះ ជាពេលវេលាមួយដ៏កម្រសម្រាប់កម្ពុជា ដែលត្រូវបានសហគមន៍អន្ដរជាតិ ក៏ដូចជាក្រុមប្រឹក្សា អូឡាំពិកអាស៊ី មើលឃើញពីភាពជាក់លាក់ និងសក្ដានុពលផ្នែកកីឡា សេដ្ឋកិច្ច ពិសេសសន្ដិភាព ពេញលេញនៅកម្ពុជា និងជាប្រទេសគោលដៅ សុវត្ថិភាពក្នុងបញ្ហាកូវីដ-១៩ ដែលនាំឲ្យ OCA សម្រេចលើកយកមហាសន្និបាត កម្រិតពិភពលោកនេះ មករៀបចំនៅកម្ពុជា ដ្បិតដំបូងឡើងមហាសន្និបាតនេះ ត្រូវធ្វើនៅចិន តែដោយសារការអាក់ខាន ដោយសារបញ្ហាកូវីដ-១៩ ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ផលចំណេញ នៃការរៀបចំមហាសន្និបាតនេះ គឺកេរ្ដិ៍ឈ្មោះរបស់កម្ពុជា និងការផ្ដល់ការគាំទ្រដល់កម្ពុជាពេញទំហឹង ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡា អូឡាំពិកយុវជន អាស៊ីឆ្នាំ២០២៩ ដែលជាព្រឹត្តិការណ៍កំណត់ត្រា ប្រវត្តិសាស្ដ្ររបស់កម្ពុជា ៕

To Top