ភ្នំពេញ: យុវជនសង្ស័យចំនួន២នាក់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២២ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួនជាប់ ពាក់ព័ន្ធនឹងការសង្ស័យថា បានព្រួតគ្នា វាយសម្លាប់ យុវជនរងគ្រោះម្នាក់ ដើម្បីប្លន់យកម៉ូតូជនរងគ្រោះ រួចរត់គេចខ្លួនប្រព្រឹត្ត កាលពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២២ នៅក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចនគរបាលខេត្តបានឱ្យដឹងថា សង្ស័យទាំង២នាក់ មានឈ្មោះ ជាតិ សារ៉ូ ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ និង ម្នាក់ទៀត មាន ឈ្មោះ គង់ សំអឿន ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ពួកគេទាំង២នាក់ មានទីលំនៅ ភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ចំណែកឯជនរងគ្រោះ មានឈ្មោះ ថេន សុមិត្ត ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែន ជ័យ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនគរបាលបាននិយាយថា: ចំពោះករណីនេះ ជនសង្ស័យទាំង២នាក់ ខាងលើ ត្រូវបានជាប់សង្ស័យពីបទ: ឃាតកម្ម និង ឥឡូវនេះ ពួកគេ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់ សាលាដំបូងខេត្តស្ទឹងត្រែង
ដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ: លីហ្សា
