ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី កម្ពុជា-ជប៉ុន ជួបពិភាក្សាគ្នា ជុំវិញស្ថានភាព នៅក្នុងតំបន់ និងអន្តរជាតិ

ភ្នំពេញ ៖ មុនធ្វើដំណើរចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ជាទីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមបុណ្យសពលោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន សម្តេច និងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន បានជួបពិភាក្សាការងារជុំវិញ ស្ថានភាពនៅក្នុងតំបន់ និងអន្តរជាតិ ខណៈបញ្ហាទាំងនោះមានដូចជា នៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង នៅឧបទ្វីបកូរ៉េ និងសង្គ្រាមនៅអ៊ុយក្រែនជាដើម។

ចំពោះបញ្ហានៅមីយ៉ាន់ម៉ា លោកគីស៊ីដា ហ្វូមីអូ បានបញ្ជាក់ថា លោកពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់សម្ដេចតេជោ ថ្វីត្បិតស្ថានភាពមីយ៉ាន់ម៉ា ជាការបារម្ភ ប៉ុន្តែជប៉ុននៅតែបន្តគាំទ្រការខិតខំប្រឹងប្រែង របស់អាស៊ានទាំងឡាយ។

ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានលើកឡើងថា ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហានុយក្លែអ៊ែរ និងការចាប់ជំរិតជនជាតិជប៉ុនដែលជាការបារម្ភរបស់ជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោគូសបញ្ជាក់ថា “បញ្ហាមីយ៉ាន់ម៉ា យើងនឹងបន្តការងារនេះ ក្នុងក្របខណ្ឌអាស៊ាន ហើយយើងនឹងបន្តក្នុងការជំរុញ ទោះបីជាមានការប្រឈមក៏ដោយ គឺយើងមិនបោះចោលការងារនោះទេ ។ ចំពោះបញ្ហាផ្សេងៗទៀត ដែលនាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងថា យើងនឹងបន្តធ្វើកិច្ចការ ជាមួយគ្នាបន្តទៀត” ៕

To Top