ព័ត៌មានជាតិ

និស្សិតជ័យលាភី ចំនួន ១,៥០៥នាក់ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម ទទួលបានសញ្ញាប័ត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់

កំពង់ចាម ៖ និស្សិតជ័យលាភីចំនួន ១,៥០៥នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។

ពិធីនេះត្រូវបានរៀបចំធ្វើនៅ សាលសន្និសីទ សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ជាច្រើនរូបទៀត។

លោក មួន វាសនា ទីប្រឹក្សាសម្ដេច ហេង សំរិន និង ជាសកលវិទ្យាធិការរង សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានមានប្រសាសន៍ថា បច្ចុប្បន្នក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាឯកជន បានចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីក្រសួងអប់រំ យុវជននិងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណ
ភាពអប់រំនៃកម្ពុជា ដើម្បីលើកកម្ពស់ គុណភាពប្រសិទ្ធភាព និង សីលធម៌ នៃការអប់រំថ្នាក់ឧត្តមសិក្សា។

លោក មួន វាសនា បន្តថា ថ្ងៃនេះជាទិវាដ៏មហាឱឡារិក អធិកអធមក្រៃលែង ដែលសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម មានកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាគណៈអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបទាំងបីកម្រិត មាន ចំនួន ១៥០៥នាក់ ក្នុងនោះស្រីចំនួន៦៥៨នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ចូលរួមអបអរសាទរនៅជ័យលាភីរបស់និស្សិតទាំងអស់ ដែលសមិទ្ធផលនេះ ជាធនធានយ៉ាងសំខាន់ ដែលទាំងនេះ គឺជាមោទនភាព របស់ឪពុក ម្ដាយ ដែលបានខិតខំលះបង់ យ៉ាងច្រើន ដើម្បីផ្ដល់ឱកាសឲ្យកូន បានសិក្សារហូតបញ្ចប់ថ្នាក់ឧត្តមសិក្សា ។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ យ៉ាងខ្លាំងលើវិស័យអប់រំ ព្រោះវាជាកត្តាធំ សម្រាប់ឲ្យប្រទេសជាតិរបស់យើង អាចធ្វើការអភិវឌ្ឍន៍រីកចម្រើន ដោយចីរភាព និងនិរន្តរភាព ។ ម្យ៉ាងទៀតប្រទេសយើង មានភ័ព្វសំណាង ដោយមានយុវជនច្រើន ហើយបរមាណនៃយុវជនរបស់យើងត្រូវមានគុណភាព ត្រូវមានចំណេះដឹង ពោលសូម្បីតែចំណេះដឹងវិជ្ជាជីវៈ ដែលអាចបំពេញការងារ ជំនាញជាច្រើនបាន ក៏យើងត្រូវការដែរ ជាពិសេសសម័យប្រកួតប្រជែងទីផ្សារសេរី យើងចាំបាច់ត្រូវខិតខំបង្កើន សមត្ថភាពរបស់ខ្លួន ៕

To Top