ព័ត៌មានជាតិ

មន្រ្តីជំនាញ ចុះពន្យល់ពលរដ្ឋ រស់នៅតាមបណ្តោយ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្រោយមានករណីកាត់ របងបន្លាលួសឆ្លងកាត់ និងលែងសត្វពាហនៈ

ភ្នំពេញ ៖ មន្រ្តីជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះទៅពិនិត្យ ពន្យល់ណែនាំ និងស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ជុំវិញករណីកាត់របងបន្លាលួស ដើម្បីធ្វើដំណើរឆ្លងកាត់ ចូលអាស្រ័យផល និងលែងសត្វពាហនៈជាដើម ។

នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំក្រសួង សាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ អមដោយមន្ត្រី ជំនាញពាក់ព័ន្ធ ព្រមទាំងអ្នកតំណាង ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ (PPSHV Expressway Cambodia Co.,Ltd) បានអញ្ជើញចុះពិនិត្យទីតាំង ដែលទទួលរងការកាត់ របងបន្លាលួសការពារផ្លូវ ជាហេតុធ្វើឱ្យមានបញ្ហាមួយចំនួន បានកើតឡើងនាពេលថ្មីៗនេះ។

ទាក់ទងនឹងករណីនេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះទៅដល់ទីតាំងផ្ទាល់ ហើយធ្វើការពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋឱ្យបញ្ឈប់ នូវសកម្មភាពកាត់របងបន្លាលួសនេះ បន្តទៀត ព្រោះវាគឺជាទង្វើមួយ ដែលមិនត្រឹមត្រូវ និងអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់ការធ្វើចរាចរណ៍លើ ផ្លូវល្បឿនលឿនបាន។

ក្នុងការចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋនេះ ថ្នាក់ដឹកនាំក្រសួងក៏បានទទួលយកនូវមូលហេតុដែលប្រជាពលរដ្ឋបានលើកឡើង យកមកពិចារណា និងធ្វើពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ។

នៅក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ភាគីក្រសួង និងក្រុមហ៊ុនបានឯកភាព ជួយសម្រួលឈូសឆាយផ្លូវ ដែលមានស្រាប់ជូនពួកគាត់ និងបានធ្វើការណែនាំពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឆក់យកអាយុជីវិតពួកគាត់ផង និងអ្នកធ្វើដំណើរតាមផ្លូវផង។

សូមជម្រាបថា ពាក់ព័ន្ធនឹងបញ្ហាប្រជាពលរដ្ឋ នាំគ្នាកាត់បន្លាលួសសង្ខាងផ្លូវល្បឿនលឿន ដែលទុកសម្រាប់ទប់ស្កាត់កុំឱ្យមានសត្វពាហនៈឆ្លងកាត់នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ធ្លាប់បានអំពាវនាវទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអប់រំណែនាំ ដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ និងបញ្ឈប់សកម្មភាពនេះបន្តទៀត ។

គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរចូលរួម អនុវត្តតាមសេចក្តីណែនាំ និងគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕

To Top