ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ជាស្នាដៃប្រវត្តិសាស្ត្រមួយ ជួយពញ្ញាក់ស្មារតី មនុស្សគ្រប់គ្នាឱ្យបានដឹង ពីការតស៊ូរបស់បុរសឆ្នើមកម្ពុជា រហូតដល់ដឹកនាំកម្ពុជា មកដល់សព្វថ្ងៃនេះ។
ភាពយន្តចម្រៀងបទ «ជីវិតក្មេងវត្ត» ជាភាពយន្តចម្រៀង បង្ហាញពីគំរូវិរភាពតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មិនត្រឹមជាសិល្បៈសម្រាប់កំសាន្តប៉ុណ្ណោះទេ តែជាប្រវត្តិជីវិតពិត របស់ថ្នាក់ដឹកនាំកំពូល ដ៏ឆ្នើមរបស់កម្ពុជា ប្រកបដោយគុណតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់កុលបុត្រកុលធីតាកម្ពុជា គ្រប់ៗរូប សិក្សារៀនសូត្រ និង ដកស្រង់បទពិសោធន៍។
ក្នុងពិធីបើកដំណើរជាផ្លូវការ នៃភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ជាផ្លូវ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកស្រី ភឿង សកុណា បានឱ្យដឹងថា ស្នាដៃ នៃការផលិតភាពយន្តចម្រៀង និយាយពីជីវិត សម្តេចតេជោ ពេលរស់នៅជាជីវិតក្មេង វត្តមិនមែនជាស្នាដៃធម្មតានោះទេ ប៉ុន្តែជាប្រវត្តិ ពិតរបស់ថ្នាក់ដឹកនាំឆ្នេីមមួយរបស់កម្ពុជា សម្រាប់កុលបុត្រកុលធីតា កម្ពុជាជំនាន់ក្រោយ បានដឹងគ្រប់ៗគ្នា។
លោកស្រី បញ្ជាក់ថា «ហេតុអ្វីជាបានយើងខ្ញុំនិយាយអីចឹង គឺមានន័យថា នៅពេលយើងឈរនៅទីនេះ គឺនឹងឃើញរឿងរាវជាច្រើន ដែលនាំឲ្យកម្ពុជា មានសព្វថ្ងៃនេះហើយតួអង្គក្នុង រឿងចាត់ទុកជាបុរសឆ្នើមគឺសម្តេចតេជោ ដែលជាអ្នកដឹនាំកំពូលហើយ មានភាពឈ្លាសវៃ»។
លោកស្រី បន្ដថា ជីវិតរបស់ សម្តេចតេជោ ហ៊ុន សែន គឺមានការ តស៊ូពិសេសនោះ គឺស្វែងរកចំណេះដឹង មករស់នៅជាមួយព្រះសង្ឃ ចោលម្តាយឪពុកដើម្បីចំណេះវិជ្ជា ។ រសជាតិជីវិត សម្តេច នាយករដ្ឋមន្ត្រី បានធ្វើការប្រមូលរៀនសូត្រ ហើយសព្វថ្ងៃនេះជីវិតក្មេងគឺជាជីវិតរបស់ សម្តេច មួយនៅពេលរស់នៅជាក្មេងវត្ត ។
សូមរំលឹកថា ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត និពន្ធឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងដឹកនាំការថតដោយ លោក ហ៊ុន ហេង ប្រគុំដោយតន្រ្តីវិទ្យុជាតិកម្ពុជា ច្រៀងដោយ លោក យិន សារិន ហើយនៅពេលនេះ ច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា សម្រួលតន្រ្តីដោយលោក ប៊ូ វណ្ណមុនីរ័ក្ស និងលោក កែវ ម៉ារ៉ា ហើយដឹកនាំការថតឡើងវិញដោយ លោក ហ្វៃ សំអាង ។ លើសពីនេះ ភាពយន្តចម្រៀងនេះ ចំណាយថវិកាអស់ជាង១២ម៉ឺនដុល្លារ ដែលចំណាយពេលលើការ ផលិតជិត១ឆ្នាំ តាំងពីការរើសទីតាំងថត តួសម្តែង ការថតរហូតដល់ការកាត់តជាដើម ៕