ព័ត៌មានជាតិ

ទីតាំងកុងស៊ីបញ្ចាំ ស្របច្បាប់-មិនស្របច្បាប់ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ទាំងអស់

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារត្រួតពិនិត្យ ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអនុប្រធាន ព្រមទាំងលោកឧត្តមសេនីយ៍ ឯក ស ថេត ជាអនុប្រធានអចិន្ត្រៃយ៍ ។

បើយោងតាមសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រការ២ ដែលបានបញ្ជាក់ពីតួនាទី ភារកិច្ចថា ចុះត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្អាកសកម្មភាព អាជីវកម្មជាបណ្តោះអាសន្នសិន ចំពោះទីតាំងដែលមានលិខិតអនុញ្ញាត ឬពុំមានលិខិតអនុញ្ញាត ឬទីតាំងដែលមិនមានលក្ខណៈសមស្រប តាមលក្ខខណ្ឌដែលក្រុមការងារបានកំណត់ ។

ក្នុងនោះណែនាំ និងផ្សព្វផ្សាយដល់ម្ចាស់ទីតាំង អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានដែលមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយពុំទាន់មានលិខិតអនុញ្ញាតទីតាំងពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទ សុំលិខិតអនុញ្ញាតទីតាំង ដើម្បីក្រុមការងារចុះពិនិត្យ មុននឹងផ្តល់លិខិតអនុញ្ញាត ៕

To Top