ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្បុប្បន្នចំនួនបណ្ដឹងទទួលបានតាមប្រព័ន្ធហ្វេសប៊ុកសម្ដេច និងទូរស័ព្ទទាន់ហេតុការណ៍ប្រមាណ ៣៦៨ករណី និងសង្គ្រោះជនរងគ្រោះ៣៦១នាក់។
ក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ឆ្នាំ២០២២ ក្រោមប្រធានបទ «សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «គិតចាប់តាំង ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្បុប្បន្នចំនួនបណ្ដឹង ដែលបានទទួលតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធទូរស័ព្ទ ទាន់ហេតុការណ៍ មានប្រមាណ ៣៦៨ករណី។ ក្នុងនោះ ជនល្មើស បានធ្វើសកម្មភាព ក្នុងខេត្តព្រះសីហនុ ច្រើនជាងគេ គឺរហូតដល់ ២៤៩ករណី»។
សម្ដេចបន្ដថា ក្រុមប្រតិបត្តិការ បានធ្វើសកម្មភាពរុករកជនល្មើស នៅតាមបណ្ដាលពីតាំងសង្ស័យ ដោយបានសង្គ្រោះជនរងគ្រោះ ៣៦១នាក់។ ក្នុងនោះ រងគ្រោះដោយអំពើជួញដូរ ៩ករណី មានមនុស្ស ៥៤នាក់ មាន ៦សញ្ជាតិ។ លើសពីនេះ សមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តិបទល្មើស ៤១នាក់ មាន៣សញ្ជាតិ បញ្ជូនទៅតុលាការ និងរឹបអូសភស្ដុតាង និងបិទទីតាំងដើម្បីស៊ើបអង្កេត ប្រមូលភស្ដុតាងបន្ថែមទៀត។
សម្ដេចបន្ថែមថា ក្រៅពីនេះ ក៏មានជនរងគ្រោះ រាប់រាយនាក់ទៀត ដែលត្រូវបានសមត្ថកិច្ច រកឃើញ ទោះបីអ្នកទាំងនោះ មិនមែនជាជនរងគ្រោះ ដោយអំពើជួញដូរ មនុស្សក៏ដោយ ក៏ត្រូវបានសមត្ថកិច្ចរំដោះចេញពីតាំងគ្រោះថ្នាក់ នាំទៅកាន់ទីតាំងសុវត្ថិភាព ក្រោមកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលពីបណ្ដាលស្ថានទូត នៃបណ្ដាប្រទេសសាម៉ី ដែលមានការពាក់ព័ន្ធ ដើម្បីវិលត្រឡប់ទៅកាន់មាតុភូមិ និងជួបជុំក្រុមគ្រួសារវិញ ដោយសុវត្ថិភាព ៕