ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងការងារ​ ប្រកាសអបអរសាទរនិងស្វាគមន៍ ចំពោះអត្ថប្រយោជន៍ធំៗចំនួនពីរ ដែលបងប្អូនកម្មករនិយោជិត ត្រូវទទួលបាននៅក្នុងវិស័យឯកជន

ភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទយុទ្ធនាការផ្សព្វផ្សាយ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែង ប្រកាសអបអរសាទរ និងស្វាគមន៍ចំពោះអត្ថប្រយោជន៍ធំៗ ចំនួនពីរ ដែលក្នុងនោះ គឺការទទួលបានលទ្ធផលយ៉ាងល្អ ក្នុងការចរចាសម្រេចផ្តល់ប្រាក់ឈ្នួល អប្បបរមាជូនដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២៣ និងការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ដែលនេះជាការខិតខំប្រឹងប្រែង និងគិតគូខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជន ឱ្យមានស្ថានភាពសេដ្ឋកិច្ចគ្រួសារ កាន់តែមានភាពល្អប្រសើរ និងកាន់តែរីកចំរើនក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

ពាក់ព័ន្ធទៅនឹងការដាក់ឱ្យអនុវត្ត​ របបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះផងដែរ លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ តាមរយៈការបង្កើតឱ្យមានយុទ្ធនាការ រយៈពេល៩០ថ្ងៃ ក្នុងការផ្សព្វផ្សាយរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនកន្លងទៅនេះ មានកម្មករនិយោជិតទទួលបាន ការផ្សព្វផ្សាយ ស្មើនឹង ៧៣% បើធៀបទៅនឹងសមាជិក ប.ស.ស. សរុប ហើយបើធៀបនឹងចំនួនបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ស្មើនឹង ១២៨% ដែលនេះបានបង្ហាញពីលទ្ធផលជោគជ័យ លើសពីផែនការដែលបានគ្រោងទុក។

ទន្ទឹមជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបន្តទៀតថា៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា ប.ស.ស. ផ្ទាល់ បានទទួលនូវមតិយោបល់ និងការឆ្លើយតបជាច្រើន តាមរយៈយុទ្ធនាការរយៈពេល ៩០ថ្ងៃកន្លងមកនេះ និងបានឆ្លុះបញ្ចាំង ពីការយល់ឃើញពីសំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ដែលបានបង្ហាញពីការសាទរ និងពេញចិត្ត ព្រមទាំងសប្បាយរីករាយក្នុងការស័្មគ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន និងត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ នៅពេលដែលឈានចូលវ័យជរា ធ្វើការលែងកើត។

ក្នុងឱកាសជាមួយគ្នានេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ក្នុងរយៈពេលចុះយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ចំនួន ៩០ថ្ងៃកន្លងមកនេះ ប.ស.ស. បានចុះផ្សព្វផ្សាយ ដល់មន្រ្តីសាធារណៈ និយោជក ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងបងប្អូនកម្មករនិយោជិត នៅតាមតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថាន និងតាមសាលាខេត្ត ទូទាំងប្រទេសសរុបជាង ៣៥០០លើក ដែលមានអ្នកចូលរួមសរុប ប្រមាណជាង ១លាន ៨ម៉ឺននាក់ ទទួលបានការផ្សព្វផ្សាយ តាមរយៈយុទ្ធនាការខាងលើ។

លោកប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងទៀតថា៖ បេឡាជាតិសន្ដិសុខសង្គម នៅតែបន្ដការផ្សព្វផ្សាយរបស់ខ្លួន តាមរយៈការធ្វើឡើងដោយផ្ទាល់ និងជាពិសេសតាមបណ្ដាញសង្គម ឱ្យបានផុសផុល ធ្វើយ៉ាងណាដើម្បីបញ្រ្ជាបការយល់ដឹង ពីអត្ថប្រយោជន៍ និងកាតព្វកិច្ចរបស់បងប្អូន កម្មករនិយោជិតទាំងអស់ ក្នុងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនថ្មីមួយនេះ ប្រកបដោយប្រសិទ្ធភាព និងការពេញចិត្ត។ លើសពីនេះ ប.ស.ស. នឹងរៀបចំផែនការសកម្មភាព ឆ្នាំ២០២៣ របស់ខ្លួន ក្នុងការផ្សព្វផ្សាយ របបសន្តិសុខសង្គម ឱ្យដល់មូលដ្ឋានរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋផ្ទាល់តែម្តង។

សូមបញ្ជាក់ថា ៖ ពិធីបិទយុទ្ធនាការផ្សព្វផ្សាយការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ដោយមានវត្តមាន ចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងតំណាងអង្គការដៃគូអភិវឌ្ឍ តំណាងសហជីពមូលដ្ឋាន និងសមាជិកសមាជិការសរុប ប្រមាណជា ៥០០នាក់៕

To Top