ព័ត៌មានជាតិ

សត្វពាហនៈ មិនត្រូវឱ្យដើរ ឬឆ្លងកាត់ផ្លូវល្បឿនលឿន ជាដាច់ខាត

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការ ក្នុងការគ្រប់គ្រងសត្វពាហនៈ ឬសត្វចិញ្ចឹមគ្រប់ប្រភេទ កុំឱ្យដើរ ឬឆ្លងកាត់ផ្លូវ ល្បឿនលឿន ជាដាច់ខាត ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងពេលធ្វើចរាចរណ៍។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៩ កញ្ញានេះ បានឱ្យដឹងថា «ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការធ្វើចរាចរណ៍ ជាពិសេសការត្រៀមបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមសហការ ក្នុងការគ្រប់គ្រង សត្វពាហនៈ/សត្វចិញ្ចឹមគ្រប់ប្រភេទ កុំឱ្យដើរ ឬឆ្លងកាត់ផ្លូវជាដាច់ខាត (មាត្រា៣៣ កថាខណ្ឌទី៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក)»។

ក្រសួង បន្ដថា ករណីនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងខូចខាតទ្រពសម្បត្តិ (យានយន្ត និងសត្វពាហនៈ) ជាពិសេសបុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវ ក្នុងការសងការខូចខាត ដែលកើតឡើងដល់អ្នកដទៃ បង្កឡើងដោយសត្វ ដែលខ្លួនបានកាន់កាប់ (មាត្រា៧៥០ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧)» ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ឡើយ។ ផ្លូវនេះ មានផ្លូវឆ្លងកាត់ទទឹងក្រោមដី ២០១កន្លែង និងស្ពានរំលងកាត់ទទឹង ២០ស្ពាន សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងករណីចង់ឆ្លងកាត់ ដោយមិនប៉ះពាល់ដល់ចរាចរណ៍ លើផ្លូវល្បឿនលឿនឡើយ។

លើសពីនេះ ផ្លូវល្បឿនលឿននេះ មានរបងសុវត្ថិភាព ដែលការពារ មិនឱ្យមានការឆ្លង កាត់ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។ កន្លងមក របងនេះត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីចេញចូលដោយគ្មានការអនុញ្ញាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បានចុះធ្វើការណែនាំជារឿយៗ ផងដែរ ៕

To Top