ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មី ក៏ដូចជាការរំលឹកឡើងវិញ ទៅដល់ប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅលើហ្វេសប៊ុក នាថ្ងៃទី៣០ កញ្ញានេះថា ហាមមិនឲ្យកាត់របង ឆ្លងចូលផ្លូវល្បឿនលឿន ខណៈនឹងបើកដំណើរការសាកល្បង ធ្វើដំណើរមិនយកថវិកា ក្នុងរយៈពេល១ខែ(ក្នុងខែតុលា) ចាប់ផ្តើមពីថ្ងៃ១ តុលា ស្អែកនេះ។
ក្រសួងបន្តថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបងសុវត្ថិភាព ដែលត្រូវបានសង់ឡើង ក្នុងគោលបំណងការពារមិនឲ្យមានការឆ្លងកាត់ ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។ កន្លងមក របងនេះត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីធ្វើការចេញចូលដោយគ្មានការអនុញ្ញាត ហើយក្រសួង អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បានចុះធ្វើការពន្យល់ណែនាំ ដល់ប្រជាពលរដ្ឋដែលបានកាត់របងសុវត្ថិភាពនោះថា ការធ្វើបែបនេះ បង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ហើយសកម្មភាពទាំងអស់នេះក៏ល្មើសនឹងច្បាប់ផងដែរ។
ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការធ្វើចរាចរណ៍ ជាពិសេសការត្រៀមបើក ឲ្យដំណើរការសាកល្បង ដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខាងមុខនេះ ក្រសួងក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់សកម្មភាព កាត់របងសុវត្ថិភាពនេះបន្តទៀត ហើយចូលរួមសហការតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចឲ្យបានខ្ជាប់ខ្ជួន។
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែក ទិសចរាចរណ៍ច្បាស់លាស់ និងមិនអនុញ្ញាតឲ្យមានការឆ្លងកាត់ឡើយ។ ផ្លូវនេះ មានផ្លូវឆ្លងកាត់ទទឹងក្រោមដី ២០១កន្លែង និងស្ពានរំលងកាត់ទទឹង ២០ស្ពាន សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងករណីចង់ឆ្លងកាត់ ដោយមិនប៉ះពាល់ដល់ចរាចរណ៍ លើផ្លូវល្បឿនលឿនឡើយ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជានេះ បានចំណាយថវិកាជាង២ពាន់លានដុល្លារ ខណៈការសាងសង់ជាង៤០ខែ ដែលបានតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត ក្រុងព្រះសីហនុ មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ។ ផ្លូវនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ផ្លូវនេះបានតភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង ៕