ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម និងរៀបចំប្រារព្ធពិធីប្រណាំងទូក ង ទ្រង់ទ្រាយធំ នៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ប្ដេជ្ញារៀបចំពិធីប្រណាំងទូក ង ទ្រង់ទ្រាយធំ ឲ្យបាន បើទោះជាមានការលំបាក លើស្ថានភាពកម្ពស់ទឹកឡើង ឬស្រកចុះ យ៉ាងណាក៏ដោយ ក្នុងគោលបំណង ដើម្បីបង្ករភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ។

លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀប ចំប្រារព្ធពិធីប្រណាំងទូក ង ទ្រង់ទ្រាយធំ និងការដាក់តាំងពិពណ៌ស្តីពី “ភូមិមួយផលិតផលមួយ” ដើម្បីចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម និងរៀបចំប្រារព្ធ ពិធីប្រណាំងទូក ទ្រង់ទ្រាយធំ ដោយមានការដាក់តាំងពិពណ៌ ភូមិមួយផលិតផលមួយ ដោយមានការប្រគំតន្ត្រី , បណ្ដែតប្រទីត និង បាញ់កាំជ្រួចផងដែរ ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត គ្មានការស្ទាក់ស្ទើរទៀតទេ ក្នុងការរៀបចំពិធីខាងលើនេះ បើទោះបីជាដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ ជំនន់ទឹកទន្លេមេគង្គហក់ឡើង លើសកម្រិតប្រុងប្រយ័ត្ន ដូច្នេះត្រូវរុញកម្មវិធីបន្តទៅមុខ អាចទៅដល់ពេលបុណ្យអុំទូក បណ្ដែតប្រទីត សំពះព្រះខែ ឬដល់ពេលបុណ្យឯករាជ្យជាតិថ្ងៃទី ៩ ខែវិច្ឆិកា តែម្ដង ដែលជាពេលវេលាកំណត់ សម្ពោធវិមានឯករាជ្យ ខេត្តកំពង់ចាមផងដែរ ដើម្បីផ្ដល់ឱកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញ មកកំសាន្តក្នុងខេត្តកំពង់ចាម ។

លោក ឃន ប្រុស នាយករដ្ឋបាល សាលាខេត្តកំពង់ចាម បានឱ្យដឹងថា ចំនួនទូកដែលបានចុះឈ្មោះសុំចូលរួមប្រណាំង សម្រាប់ខេត្តកំពង់ចាម មានចំនួនសរុប ៣២ទូក ក្នុងនោះ ខ្នាតទូកអន្តរជាតិចំនួន ១៨ទូក , ទូក ង ចំនួន ១៤ទូក , និង ទូក ង គ្រោងមកពីខេត្តត្បូងឃ្មុំ មានចំនួន ៥ ទូក ផងដែរ ៕

To Top