ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានធ្វើការ ជំនុំជម្រះ លើបណ្តឹងសារទុក្ខ បុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធបទល្មើសនឹង ការចាប់រំលោភ និង សម្លាប់ស្ត្រីម្នាក់ប្រព្រឹត្តនៅចំណុចបន្ទប់ជួល របស់ជនរងគ្រោះ ស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំមុន។
លោក និល នុណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ៖ រឿន ធារិន ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ចំណែកជនរងគ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ ២៣ ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទឈ្មោះ រឿន ធារិទ្ធត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ពីបទ «ឃាតកម្មដោយអំពើរំលោភសេពសន្ថវៈ » តាមបញ្ញត្តិមាត្រា ២០៥ នៃ ក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទ ឈ្មោះ រឿន ធារិន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោប៊ុនថា ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។
តុលាការកំពូលនឹងប្រកាសដីកា នឹងប្រកាសសាលដីកាលើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២២ នេះ ៕
ដោយ: លីហ្សា