ព័ត៌មានជាតិ

សាកសពចំនួន ៧នាក់ បានរកឃើញនៅឆ្នេរខ្សាច់ ភាគខាងត្បូងវៀតណាម ១សប្តាហ៍បន្ទាប់ពីទូក ១គ្រឿង បានលិចនៅឆ្នេរសមុទ្រកម្ពុជា

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងនៅថ្ងៃសុក្រនេះថា សាកសពចំនួន៧នាក់ ត្រូវបានគេរកឃើញនៅលើឆ្នេរខ្សាច់ នៅភាគខាងត្បូងប្រទេសវៀតណាម ១សប្តាហ៍បន្ទាប់ពីទូក ១គ្រឿង ដែលមានមនុស្សជាង ៤០នាក់ នៅលើនោះបានលិចចេញពី ទីក្រុងឆ្នេរសមុទ្រកម្ពុជា ជិតខេត្តព្រះសីហនុ ។

ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា សាកសពដែលត្រូវបានរកឃើញ នៅលើឆ្នេរមួយនៅលើកោះ Phu Quoc ដែលស្ថិតនៅជាប់តំបន់ព្រំដែន រវាងប្រទេសទាំង២។ សាកសព២នាក់ បានកាន់ឯកសារអត្តសញ្ញាណ ជនជាតិចិនដាក់ក្នុងហោប៉ៅ ។

អាជ្ញាធរកម្ពុជាបានឲ្យដឹងថា ទូកបានលិចកាលពីព្រឹក ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយមានអ្នកនៅរស់ចំនួន ៣០នាក់ ត្រូវបានជួយសង្គ្រោះ ដោយអាជ្ញាធរកម្ពុជា និងវៀតណាម ។

ក្រសួងបានឲ្យដឹងថា “សាកសពដែលបានរកឃើញ ត្រូវបានគេសង្ស័យថា ពាក់ព័ន្ធនឹងទូកដែលលិចនោះ” ។

ប្រទេសកម្ពុជាគឺជាគោលដៅ ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ និងអ្នកជំនួញមកពីប្រទេសចិន ប៉ុន្តែជនជាតិចិនជាច្រើន មិនអាចធ្វើដំណើរបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរឹតបន្តឹងលើជំងឺកូវីដ-១៩ របស់ប្រទេសចិន ។

អ្នកនៅរស់រានមានជីវិតម្នាក់ឈ្មោះ Chengui Sheng អាយុ២៧ឆ្នាំមកពីខេត្ត Fujian ប្រទេសចិន កាលពីសប្តាហ៍មុនបានប្រាប់ អាជ្ញាធរកម្ពុជាថា ទូកនេះបានដឹកមនុស្ស៤១នាក់ ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍ថា អាជ្ញាធរបានបើកការស៊ើបអង្កេត លើករណីជួញដូរមនុស្ស បន្ទាប់ពីការលិចទូកនេះ ហើយមនុស្ស៦នាក់ត្រូវបានចាប់ខ្លួន ។

មន្ត្រីដដែលមិនបានបញ្ជាក់ពី មូលហេតុដែលសមត្ថកិច្ចជឿថា មនុស្សនៅលើទូកត្រូវបាន គេជួញដូរនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top