ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណដល់ក្រុមប្រឆាំងមួយចំនួន ដែលតែងតែវាយប្រហារមកលើលោក ហ៊ុន ម៉ាណែត ដែលធ្វើឲ្យលោក កាន់តែរឹងមាំ ចេះការពារដោយខ្លួនឯង មិនចាំបាច់សម្តេចចេញមុខជួយការពារ ។
ការអរគុណរបស់សម្ដេចតេជោ ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងមួយចំនួន តែងតែបើកការវាយប្រហារ ដើម្បីទម្លាក់ប្រជាប្រិយភាព លោក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាត គណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ បានបោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលបាន ចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី១ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានអ្នកខ្លះមករអ៊ូថា សម្ដេចកាន់អំណាចយូរណាស់ ។
សម្ដេចថា «ចុះបើ ហ៊ុន សែន ដើរចេញរួចហើយប្រគល់ឲ្យកូន ហ៊ុន សែន ធ្វើវាមានទើសក្បាលអ្នកអី ប្រជាជនអ្នកបោះឆ្នោតតើ សំខាន់រឿងប្រជាជន បោះឆ្នោត ឬមិនបោះតែប៉ុណ្ណឹងទេ កូនរបស់ខ្ញុំជាពលរដ្ឋម្នាក់ដែលមានសិទ្ធិដែរ» ។
សម្ដេចតេជោ ក៏បានផ្ដាំទៅក្រុមប្រឆាំងថា «អ្នកឯងកាន់តែថា អញកាន់តែធ្វើ» ។ សម្ដេចបានចោទសួរថា ម៉េចចង់ដកសិទ្ធិពលរដ្ឋពីកូន និងចៅសម្ដេច ?
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ច្បាស់ៗថា «ចុះបើដឹងថា ម៉ាណែត អន់ឯងគួរតែអរទៅ ព្រោះម៉ាណែត នឹងមិនជាប់ឆ្នោតទេ ប៉ុន្តែពួកឯងហ្នឹងខ្លាច និយាយឱ្យច្បាស់ទៅហ្អែងខ្លាច ព្រោះឪវា ហ៊ុន សែន ត្រូវបានប្រជាជនទទួលស្គាល់ មិនត្រឹមតែក្នុងប្រទេសទេ ក្រៅប្រទេសទៀត ដល់ពេលតទៅ ហ៊ុន ម៉ាណែត ប្រជាជនគេស្គាល់ទៀត អញ្ចឹងទេពួកអានេះការពិតវាខ្លាចទេ បើអ្នកឯងមិនខ្លាចទេ អ្នកឯងគួរតែបណ្តោយឱ្យ ហ៊ុន ម៉ាណែត ធ្វើទៅ ដើម្បីអ្នកឯងងាយវ៉ៃ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «អរគុណណាស់ ដែលអ្នកឯងចេះវ៉ៃម៉ាណែត ហេតុអ្វីបានខ្ញុំត្រូវអរគុណ គេវ៉ៃកូនខ្លួនហើយបែរជាអរគុណទៀត មូលហេតុដែលខ្ញុំអរគុណ ម៉ាណែត ត្រូវចេះការពារខ្លួនឯង ដោយរបៀបណា កុំចាំឪពុកការពារ អញ្ចឹងខ្ញុំគួរតែថ្លែងអរគុណអ្នកដែលវ៉ៃ ហ៊ុន ម៉ាណែត អញ្ចឹងម៉ាណែតឥឡូវចាប់ផ្តើមចេះការពារខ្លួន របៀបការពារខ្លួនរបស់គេយ៉ាងណា គេចេញទ្រឹស្តីរបស់គេយ៉ាងណា ខ្ញុំអរគុណ កុំចាំអត់ពីឪពុកហើយ អត់មានចេះការពារខ្លួន ហើយស៊ីកេរ្តិ៍ឪពុក អត់ទេអត់ឱ្យ ហើយទម្លាប់ខ្ញុំអប់រំកូន ដួលត្រង់ណា អត់មានទៅលើកដៃកូនឱ្យក្រោកឡើង គឺអត់ទេ ប្រឹងក្រោកខ្លួនឯង»។
សម្តេចតេជោ បានពន្យល់ថា រឿងក្នុងគណបក្ស ត្រូវដោះស្រាយក្នុងគណបក្ស ហើយបន្ទាប់ទៅត្រូវឆ្លងកាត់ការបោះឆ្នោតទៀត ។ សម្ដេចថា ការបោះឆ្នោតត្រូវឆ្លងកាត់ ២ដំណាក់កាល៖ ទី១.លោក ហ៊ុន ម៉ាណែត ត្រូវក្លាយខ្លួនជាតំណាងរាស្ត្រ ដោយឆ្លងកាត់ការបោះឆ្នោតពីប្រជាជន ទី២.បើលោក ហ៊ុន ម៉ាណែត ទទួលបានការតែងតាំងពីព្រះមហាក្សត្រ ចាត់តាំងឲ្យក្លាយជានាយករដ្ឋមន្ត្រី គឺត្រូវផ្គូរផ្គងគណៈរដ្ឋមន្ត្រី ដើម្បីទៅសុំការទុកចិត្តពីរដ្ឋសភា ៕