ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៤-៦ ខែតុលា ឆ្នាំ២០២២។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១ តុលានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។
លោកនាយករដ្ឋមន្រ្តីគុយបា នឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ មួយចំនួន ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងវិស័យ កីឡា អប់រំ និងវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។
លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចរបស់លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនង យូរអង្វែង និងប្រកបដោយមិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជានឹងគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍កាន់តែប្រសើរសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ៕