ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខដំណែង​ អភិបាលរងក្រុងស្វាយរៀងចំនួន ២រូបបន្ថែមទៀត

ស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង បានថ្លែងស្នើដល់ អភិបាលរងក្រុងស្វាយរៀង ដែលទើបប្រកាសថ្មីត្រូវ ចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។

ការថ្លែងបែបនេះរបស់ លោកអភិបាលរងខេត្តស្វាយរៀង ខណៈដែលលោក តំណាងលោកម៉ែន​ វិបុល​ អអភិបាលខេត្តបានអញ្ជើញប្រកាស ចូលកាន់មុខដំណែងអភិបាលរងក្រុងស្វាយរៀងចំនួន ២រូបរួមមាន៖ លោក​ ឃុន​ រតនា​ ឋានរស័ក្កិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ២​ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម​ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ ជាអភិបាលរងនៃគណៈអភិបាលក្រុងស្វាយរៀង​។ លោក​ ហេង​ សៅខេមរា​ ឋានន្តរសក្កិអភិបាល​ ថ្នាក់លេខ១​ នៃក្របខ័ណ្ឌមន្ត្រីរាជការនៃក្រុមនិតិបញ្ញត្តិ​ ជាអភិបាលរង​ នៃគណៈអភិបាលក្រុងស្វាយរៀង នាព្រឹកថ្ងៃទី៣ខែតុលា ឆ្នាំ២០២២។

ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយកទីចាក់ការធនធានមនុស្ស កងកម្លាំងទាំង ៣ចំណុះសាលាខេត្ត លោក លោកស្រីប្រធាន តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង ៣ចំណុះសាលាក្រុង លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង ៧ក្នុងក្រុងស្វាយរៀង។ 

បន្ថែមលើសពីនេះ លោក ប៉េង ពោធិ៍សា បានធ្វើការផ្ដាំផ្ញើដល់គណៈអភិបាលក្រុងស្វាយរៀង ដែលទើបតែងតាំង និងមន្ត្រី រាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាល សាលាក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តនូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃ ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងារ រដ្ឋបាលក្រុង ឱ្យកាន់តែមានភាពល្អប្រសើរ។

២.ត្រូវចូលរួមបង្កើនកិច្ចសហការ ក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមាន ការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។

៣.រដ្ឋបាលក្រុង ត្រូវយកចិត្តទុកក្នុងការបន្ត អនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (៣ការពារ៣កុំ) និងការដោះស្រាយផលប៉ះពាល់ ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងត្រូវជម្រុញ ដឹកនាំការងារចាក់វ៉ាក់សាំង ឱ្យកាន់តែសកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជម្រុញ (ទី៣ ទី៤ និងទី៥)។

៤. រដ្ឋបាលក្រុង ត្រូវជួយគាំទ្រដល់រដ្ឋបាលសង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវា ស្របតាមសេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ ដែលមានតួអង្គស្នូល ចំនួន០៥ ជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ៕

To Top