ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យទីតាំងរៀបចំ ពិធីប្រណាំងទូក នៅថ្ងៃទី ១០ ខែតុលា ខាងមុខនេះ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរដោយ អភិបាលរងខេត្ត រួមជាមួយអាជ្ញាធរក្រុងកំពង់ចាម និងសមត្ថកិច្ចកងកម្លាំង នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ បានអញ្ជើញចុះត្រួតពិនិត្យ និងរៀបចំទីតាំង ដើម្បីសម្រួលដល់ការកំសាន្ត របស់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនាពិធីប្រណាំងទូក « ង » ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ ។

បើតាមសេចក្តីជូន ដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម ៖ និងមានការរៀបចំ ពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍ សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ នៅក្នុងកំពង់ចាម ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ របស់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក « ង » ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃចេញព្រះវស្សា ព.ស.២៥៦៦ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២.០០នាទី នៅវេទិការអុំទូក ភូមិជ្រោយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏នឹងរៀបចំការ តាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ផងដែរ ៕

To Top