ព័ត៌មានជាតិ

ប្រកាសសម្រួលភារកិច្ច​ និងតែងតាំងមន្ត្រីគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ ​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធាន​គណៈកម្មាធិកា​រ គណបក្ស​រាជធានីភ្នំពេញ បានលើកឡើងថា ការប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ ធ្វើឡើងដើម្បីពង្រឹងបក្សឲ្យបានរឹងមាំ​ និងកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជំនះអោយបាន នៅពេលបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។

ការលើកឡើងរបស់ លោក ឃួ​ង ស្រេង បែបនេះធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រកាសសម្រួលភារ កិច្ច​និងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ និងខណ្ឌ នៅមន្ទីរគណបក្ស​រាជធានីភ្នំពេញ។

ក្នុងពិធីនោះ ត្រូវបានប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញជាច្រើនរូប ដោយមន្ត្រីខ្លះត្រូវបានតែងតាំង ជាសមាជិក​គណៈកម្មាធិកា​រ គណបក្សរាជធានី និងជាសមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិកា​រ គណបក្ស​រាជធានីភ្នំពេញ ។ ដោយឡែកប្រធានគណៈកម្មាធិកា​រ​ គណបក្ស​ខណ្ឌចំនួន៨ ក៏ត្រូវបានផ្ទេរនិងផ្លាស់ប្តូរផងដែរ។

ក្នុងឱកាសនោះ លោក ឃួ​ង ស្រេង ស្នើឲ្យមន្ត្រីរបស់បក្សប្រជាជនទាំងអស់ ធ្វើការងារឲ្យបានល្អ ធ្វើយ៉ាងណាដណ្ដើមជ័យជម្នះ ឲ្យបាននៅពេលបោះឆ្នោតនៅឆ្នាំ២០២៣ ។

លោក​ ឃួង ស្រេង បន្តថា អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្ស មន្ត្រីបក្សមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ពិសេសការចុះត្រួតពិនិត្យល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់ នៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ មានទំនុកចិត្តនិងរស់នៅជាមួយនឹងច្បាប់ ។

លោកបានបន្តទៀតថា ចំពោះកម្មករ បើពួកគាត់មានបញ្ហា យើងត្រូវចុះនិងដោះស្រាយជូនពួកគាត់ភ្លាម សំខាន់ធ្វើយ៉ាងណាឲ្យពួកគាត់មានទំនុកចិត្តមកលើយើង ។

លោក ឃួង ស្រេង ក៏បានស្នើឲ្យប្រធានគណៈកម្មាធិកា​រគណបក្ស​ខណ្ឌទាំង១៤ ត្រូវការពារផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ពោលគឺ ប្រជាជនមានបញ្ហាប្រឈម ត្រូវដោះស្រាយជូនអោយបានល្អ និងជាអ្នកការពារដោយស្របច្បាប់ ជូនពួកគាត់ ។ បន្ថែមពីនេះត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសនៅពេលមានបុណ្យជាតិធំៗ ខណៈដែលពួកគាត់ទៅស្រុកកំណើត ឬទៅដើរលេងកំសាន្ត ដើម្បីយើងមានគុណសម្បត្តិល្អ នៅពេលបោះឆ្នោត៕

To Top