ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១ ខែតុលា ខាងមុខនេះ តំបន់មួយចំនួនរបស់កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំនឹងបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី៥ ខែតុលាដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២បានលើកឡើងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើកម្ពុជា ជាមួយនិងខ្យល់មូសុងនិរតីខ្សោយ ។ ទន្ទឹម នោះការជួបប្រសព្វគ្នារវាងទ្រនុង សម្ពាធខ្ពស់ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាបដែលរុញពី ក្រោមក៏មានឥទ្ធិពលលើកម្ពុជាផងដែរ ។
ក្រសួងថាស្ថានភាពបែបនេះនឹងធ្វើឲ្យ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់នៅលើផ្ទៃប្រទេស ដោយក្នុងនោះ តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សសេ។អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ផ្នែកខ្លះនៃបណ្តា ខេត្តនៅភាគពាយ័ព្យ និងភាគខាងជើងជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ច្រើនដោយអន្លើ ។
ដោយឡែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ។អាចមានភ្លៀងក្នុងកំរិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេសីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ។ អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជនជបជាព័ត៌មាននិងបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕