ព័ត៌មានជាតិ

សម្ដេចតេជោ៖ វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុក​វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ការរៀបចំ និងការចូលរួមក្នុងការប្រកួត កីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាពកាន់តែខ្លាំង សាមគ្គី ភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួមទាំងអស់ក៏ ជាងនេះទៀត វិស័យកីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរលើវិស័យជាច្រើន ទាំង បច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួន បែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ ការរៀបចំព្រឹត្តិការណ៍ ពាក់ព័ន្ធនឹងកីឡាក្នុងកម្រិតអន្តរជាតិ ក៍ជាការបំផុសស្មារតី និង លើកទឹកចិត្តមហាជនទូទៅឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៍ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗឱ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារ អន្តរជាតិរបស់ប្រទេសចូលរួមនៅលើឆាកអន្តរជាតិផងដែរ»៕

To Top