ភ្នំពេញ ៖ ការវិលមកជួបជុំ ជាមួយក្រុមការងារចាស់ របស់លោក គង់ គាំ ដែលជាអតីតស្ថាបនិក គណបក្សជាតិខ្មែរ, អតីតប្រធានគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ ក្រោយលោកបានអញ្ជើញ មកចូលរួមជាមួយគណបក្សភ្លើងទៀន។
ការអញ្ជើញមករួមរស់ ជាមួយមិត្ត ដែលបានបែកគ្នា ជាច្រើនឆ្នាំ របស់លោក គង់ គាំ បន្ទាប់ពីអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល ដោយអំណាចតុលាការ កាលពីឆ្នាំ២០១៧។ បក្សភ្លើងទៀន ដែល មានលោក សុន ឆ័យ ជាអនុប្រធាន បានសម្រេចផ្តល់តួនាទីឲ្យព្រឹទ្ធាចារ្យរូបនេះ ជាឧត្តមទីប្រឹក្សា គណបក្សភ្លើងទៀន ។
ការសម្រេចនេះ បានធ្វើឡើងក្រោយពីបានជួបពិភាក្សាគ្នា ជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ។
យោងតាមសេចក្ដីថ្លែងការណ៍ របស់បក្សភ្លើងទៀននាថ្ងៃ៤ តុលា បានឲ្យដឹងថា បក្សភ្លើងទៀន ស្វាគមន៍ គណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចចិត្ត មិនដាក់បញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ហើយសម្រេចចិត្តចូលរួម ជាមួយគណបក្សភ្លើងទៀន ជាគណបក្សតែមួយ ។
លិខិតដដែលបញ្ជាក់ថា “ស្វាគមន៍ឯកឧត្តម គង់ គាំ ដែលបានអញ្ជើញមកចូលរួម ជាមួយគណបក្សភ្លើងទៀន ។ ផ្តល់តួនាទីជូន ឯកឧត្តម គង់ គាំ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ”។
គណបក្សភ្លើងទៀន ក៏អំពាវនាវដល់អ្នកស្នេហាជាតិ អ្នកស្រឡាញ់ប្រជាធិបតេយ្យទាំងអស់ ចូលរួមជាមួយ គណបក្សភ្លើងទៀន ដើម្បីជាកម្លាំង ចលករប្រជាធិបតេយ្យដ៏ធំមួយ ឈានទៅរកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕