ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ៩២ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ត្រូវផ្អាកចរាចរណ៍ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តព្រះវិហារ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដី ជូនដំណឹង ស្ដីពី ការផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន រថយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩២ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ។

ការសម្រេចផ្អាកនេះ ធ្វើឡើងបន្ទាប់ពី ស្ថានភាពជំនន់ទឹកភ្លៀង បានបន្តឡើង រហូតដល់កម្រិតប្រកាសអាសន្ន ដែលមិនអាចធ្វើចរាចរណ៍ និងក្នុងគោលបំណង ថែរក្សាផ្លូវថ្នល់ ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង។

បើតាមសេចក្ដីជូនដំណឹង ការបិទចរាចរណ៍ទាំងស្រុង ជាបណ្តោះអាសន្ន ចំពោះរថយន្តគ្រប់ប្រភេទទាំងអស់ នៅលើកំណាត់ផ្លូវជាតិលេខ៩២នេះ គឺ (ចាប់ពីចំណុច គីឡូម៉ែត្រលេខ១០០ ដល់គីឡូម៉ែត្រលេខ១០១) ស្ថិតក្នុងឃុំមរកត (ចំណុចក្បាលដំរី) ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពី ថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មាន សេចក្តីជូនដំណឹងសាជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព៕

To Top