ភ្នំពេញ ៖ នៅក្នុងជំនួបរវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយ ឧត្តមសេនីយ៍ឯក Simon Stuart មេបញ្ជាការ កងទ័ពជើងគោកអូស្ត្រាលី ភាគីទាំងពីរ បានឯកភាពឱ្យមានការបង្កើនទំនាក់ទំនង រវាងកងទ័ពជើងគោក ទាំងពីរ បន្ថែមមួយកម្រិតទៀត។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-04_18-40-28.jpg)
ការឯកភាពនេះ ធ្វើឡើង ក្នុងពេលដែល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-04_18-40-31.jpg)
ក្នុងជំនួបនេះ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជា ជាពិសេសក្នុងដំណាក់កាល ស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-04_18-40-35.jpg)
ក្នុងកិច្ចពិភាក្សានេះផងដែរ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតឱ្យបង្កើនទំនាក់ទំនង រវាងកងទ័ពជើងគោកទាំងពីរ ថែមមួយកម្រិតទៀត។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក Simon Stuart បានឯកភាពចំពោះគោលគំនិត និងសំណើរបស់កងទ័ពជើងគោក កម្ពុជា ដោយបានបញ្ជាក់ថា ភាគីទាំងពីរ អាចពិនិត្យលទ្ធភាព លើកិច្ចសហប្រតិបត្តិការ លើការងារ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) បន្ថែមទៀតនៅពេលអនាគត ។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-04_18-40-39.jpg)
ក្នុងឱកាសនេះផងដែរ មេបញ្ជាការ កងទ័ពជើងគោកអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះ ជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងបានស្នើសុំឱ្យ លោក ហ៊ុន ម៉ាណែត ចែករំលែកអំពីបទពិសោធន៍ ពាក់ព័ន្ធនឹងការទប់ស្កាត់ និងការគ្រប់គ្រងការរាតត្បាត នៃជំងឺនេះ ហើយដែលតាមរយៈនេះ លោក ហ៊ុន ម៉ាណែត ក៏បានធ្វើការចែករំលែក អំពីវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទាំង នៅក្នុងយន្តការថ្នាក់ជាតិ ក៏ដូចជាការចូលរួមរបស់កងទ័ព នៅក្នុងបេសកកម្មដ៏សំខាន់បំផុតនេះ ជាពិសេសក្រោមការដឹកនាំដោយផ្ទាល់ និងដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)