ព័ត៌មានជាតិ

សម្ដេច ស ខេង ស្នើ ADB គាំទ្របន្ថែមសម្រាប់ថវិកា គម្រោងសាលាជាតិ រដ្ឋបាលមូលដ្ឋានដែលខ្វះខាត

ភ្នំពេញ៖ សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្របន្ថែមសម្រាប់ថវិកា គាំទ្រគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលនៅខ្វះខាត។

នាឱកាសអនុញ្ញាតជូនលោកស្រី Jyotsana Verma នាយិកា ADB ប្រចាំនៅកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៤ តុលា សម្ដេច ស ខេង បានអរគុណចំពោះ ADB បានសហការអនុវត្តគម្រោង បង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលមានរយៈពេល៥ឆ្នាំ។

សម្ដេចបន្តថា គម្រោងនេះ កំពុងមានការអនុវត្តយឺតយ៉ាវ ជាងផែនការដែលបានគ្រោងទុកប្រមាណ ៥ខែ ដោយសារកត្តាការគ្រប់គ្រងដីធ្លី សម្រាប់សាងសង់សាលា និងដោយសារបញ្ហាកូវីដ-១៩ ។ ផ្អែកតាមការលើកឡើងមកនេះ សម្ដេចសង្ឃឹមថា ADB នឹងបន្តគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជា កម្មវិធីជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី២។

សម្ដេច ក៏បានលើកឡើងសំណើ មួយចំនួនទៅដល់ ADB ដូចជា៖ ការបន្តស្វែងរកអ្នកជំនាញបច្ចេកទេសបន្ថែម ដើម្បីគាំទ្រទៅលើការងារអន្តរវិស័យមួយចំនួន ដូចជាការរៀបចំប្រព័ន្ធអភិបាលកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុ ដែលកិច្ចការងារនេះជាកិច្ចការថ្មី ដែលទាមទារឲ្យមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ។

សម្ដេចបញ្ជាក់ថា «ស្នើធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្របន្ថែមសម្រាប់ថវិកាគាំទ្រ គម្រោងសាលាជាតិរដ្ឋបាល មូលដ្ឋានដែលនៅខ្វះខាត ហើយក៏បានស្នើឲ្យគាំទ្រដល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្រៅពីអគារសាលាជាតិរដ្ឋបាលមូលដ្ឋាន ដូចជាសួនច្បារ ទីធ្លារកីឡា និងស្រះទឹកជាដើម»។

ជាការឆ្លើយតប លោកស្រីនាយិការ ADB ទទួលយក សំណើទាំងនេះ និងបន្តធ្វើការសិក្សាជាមួយក្រុម ការងារក្រសួងមហាផ្ទៃ ដើម្បីធានាបានប្រសិទ្ធភាព ការងារនៃកម្រោងរវាង ADBនិងក្រសួងមហាផ្ទៃ។

លោកស្រីបន្តថា ចំពោះការងារពាក់ព័ន្ធនឹងការ ប្រែប្រួលអាកាសធាតុសព្វថ្ងៃ ADB កំពុងរៀបចំគម្រោងតម្លៃដល់ទៅ ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០៣០ ដោយលោកស្រីស្នើសុំសម្ដេចផ្ដល់គាំទ្រ ៕

To Top