ព័ត៌មានជាតិ

សម្តេចតេជោ ៖ ឥរិយាបទរបស់កូរ៉េខាងជើង គឺប្រកបដោយគ្រោះថ្នាក់

ភ្នំពេញ ៖ ក្រៅពីបង្ហាញការសោកស្តាយចំពោះការបាញ់មីស៊ីល ដោយសាធារណរដ្ឋប្រជាមានិតប្រជាធបតេយ្យកូរ៉េ ឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ឥរិយាបទរបស់កូរ៉េខាងជើង គឺប្រកបដោយគ្រោះថ្នាក់បំផុត។

យោងតាមសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា កំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារទី៤ ខែតុលា ឆ្នាំ២០២២ សម្តេចថ្កោលទោសការបាញ់ម៉ីស៊ីល ឆ្លងកាត់ជប៉ុន ដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

សម្តេចតេជោបានប្រសាសន៍ថា “ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀត ទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ”។

ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានបញ្ចេញទស្សនៈ ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ ថា កម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្ត្រ យល់អំពីការព្រួយបារម្ភផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហា ប៉ុន្តែសម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាមិនយល់ស្របចំពោះការចូលលុកលុយ អ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះ ពីប្រទេសអធិបតេយ្យមួយនោះទេ។ កម្ពុជា ក្នុងនាមជាប្រទេសតូច ប្រកាន់នូវការគោរពអធិបតេយ្យបូរណភាពដែនដី និងឯករាជ្យភាពនយោបាយ នៃរដ្ឋសមាជិក និងធម្មនុញ្ញអ.ស.ប។

សូមបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃ៤ តុលា បាន បាញ់មីស៊ីលផ្លោង ឆ្លងផុតភាគឦសានប្រទេសជប៉ុនជាលើកទីមួយដែលខ្លួនបានបញ្ជូនមីស៊ីលឆ្លងកាត់ ប្រជុំកោះជប៉ុន ក្នុងរយៈពេលជិត ៥ឆ្នាំ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់មីស៊ីល ឆ្ពោះទៅសមុទ្រជប៉ុន បើទោះបីជាមានការរិះគន់ ពីអន្តរជាតិក៏ដោយ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា មីស៊ីលរបស់កូរ៉េខាងជើង បានហោះបានចម្ងាយ ៤៦០០ គីឡូម៉ែត្រ ដែលជាចម្ងាយផ្ដេកវែងបំផុត សម្រាប់មីស៊ីលដែលផលិតដោយប្រទេសនេះ។

ប្រធាន ខុទ្ទកាល័យ លោក Hirokazu Matsuno បានថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើងថា ជា ការគំរាមកំហែងដល់តំបន់ និងសហគមន៍អន្តរជាតិ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top