ភ្នំពេញ៖ លោក ឃ្លាំង ហ៊ួត អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការចុះបង្រ្កាបបទល្មើសនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយក្នុងនោះលោកហ៊ានស្បថដាក់ជីវិត ប្រសិនបើរកឃើញថាលោក មានទទួលសំណូកសូម្បីតែ១០០រៀល។
នៅលើគណនីហ្វេសប៊ុក នៅព្រលប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ លោក ឃ្លាំង ហ៊ួត បានបង្ហោះរូបថតពីរសន្លឹក នៅក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដកស្រង់បទពិសោធន៍ និងដាក់ចេញវិធានការបន្ត លើការងារត្រួតពិនិត្យ និងបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងទីតាំងទទួលបញ្ចាំខុសច្បាប់គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ដោយភ្ជាប់នូវសារដែលមានខ្លឹមសារថា៖
ឯ ឧ ឃួង ស្រេង ! លោកមេភូមិឯង ត្រូវដឹកនាំបង្រ្កាបឲ្យអស់ ។
👉 លោកមេភូមិ ! គោរពទទួលបទបញ្ជា ដោយការទទួលខុសត្រូវខ្ពស់បំផុត ហើយសូមស្បថឲ្យស្លាប់តៃហោង បើខ្ញុំដឹកនាំហើយទទួលសំណូកសូម្បីតែ ១០០រៀលឡើងទៅ ។
ជាមូយគ្នានេះ លោកឃ្លាំង ហ៊ួត ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ជួយផ្ដល់ព័ត៌មាន ទីតាំងលាក់ទុកខុសច្បាប់ផងដែរ ។
លោក ឃ្លាំង ហ៊ួត លើកឡើងថា យើងរួមគ្នាបំបាត់បទល្មើសគ្រប់រូបភាព ដើម្បីសង្គមជាតិយើង៕