ព័ត៌មានជាតិ

Update៖ នាយករដ្ឋមន្រ្តី ប្រាប់ពលរដ្ឋ «ឃុំព្រះដាក់» ឱ្យស្ងប់ចិត្តព្រោះគ្មានរុះរើ លំនៅឋាន ឡេីយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានចេញសារបញ្ជាក់យ៉ាងច្បាស់ៗថា «ឃុំព្រះដាក់» គឺមិនត្រូវបានរុះរើ ដូចដែលអ្វីដែលប្រជាពលរដ្ឋ ធ្វើការតវ៉ានោះទេ។

ការចេញមុខបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រះដាក់ កាលពីម្សិលមិញនេះ បាននាំគ្នាធ្វើការតវ៉ា នៅមុខសាលាឃុំ អំពីការរុះរើលំនៅឋានរបស់ពួកគាត់ ឱ្យទៅរស់នៅភូមិធម្មជាតិរុនតាឯក។

ថ្លែងសារចេញពីរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងមិនទាន់មានការប៉ះពាល់ណាមួយ ទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូអំពី ហេដ្ឋារចនាសម្ព័ន្ធ របស់អង្គរ បារាយខាងកើត ដែលអាចមានទឹករហូត ទៅសល់៣០លានម៉ែត្រគីប ។

ជុំវិញករណីនេះ សម្ដេចតជោ អះអាថា ការស្ដុកទឹកក្នុងអាង បារាយខាងកើតនេះ គឺមិនអាចឱ្យគ្រប់ចំនួន៣០លានម៉ែត្រគីប ដែលនាំ​ឱ្យប៉ះពាល ដល់ប្រជាពលរដ្ឋនោះទេ គឺតម្រូវឱ្យសិក្សា ក្នុងចំណុះណាមួយ ដែលអាចរក្សាគ្រឹះប្រាសាទអង្គរតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងក៏បានដឹងដែរថា ឃុំព្រះដាក់ត្រូវបានកសាងប្រមាណជា៣ទៅ៤រយឆ្នាំរួចមកហើយ ហើយឃុំនេះ ស្ថិតនៅជាឃុំមួយ ដែលទាក់ទងទៅនឹងផ្នែករដ្ឋបាល ដែនដីរបស់យើងទៀតផង។

សម្ដេចបង្ហាញនូវការងឿងឆ្ងល់ថា «តែយ៉ាងហេតុដូចម្ដេចបានជាប្រជាជន យើងចាប់ផ្ដើមព្រួយបារម្ភអំពីរឿងនេះ»។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានបញ្ជា ឱ្យ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ឱ្យទៅជួបពន្យល់ផ្ទាល់ ដល់ប្រជាពលរដ្ឋ ក្នុងឃុំព្រះដាក់ផងដែរ។

សម្ដេចគូសបញ្ជាក់ថា «អ្វីដែលជាកិច្ចការបន្ទាន់របស់យើងនៅពេលនេះ គឺអ្នកដែលរស់នៅក្រោយឆ្នាំ១៩៧៩ ដែលរស់នៅព័ន្ធជុំវិញប្រាសាទ ដែលតាំងទីលំនៅខុសច្បាប់ឬអាចនិយាយថា មិនស្របនឹងលក្ខណតម្រូវ របស់អង្គការយូនីស្កូ សម្រាប់បេតិកភណ្ឌ »។

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា «ចឹងទេសូមប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ មេត្តាស្ងប់ចិត្ត យើងមិនអាចធ្វើទាំងទទឹងទិស ទៅរើរុះប្រជាជនដែលកំពុងរស់នៅ រាប់ទាំងសាលាឃុំផងដែរ»។

ពាក់ព័ន្ធករណីនេះ សម្ដេចតេជោ ក៏បានលើកឡើងដែរថា អង្គការ យូនីស្កូ ក៏មិនតម្រូវឱ្យយើងទៅរើឃុំមួយ ដែលមានប្រជាជនរស់នៅក្រោយឆ្នាំ១៩៧៩នោះដែរ ៕

To Top