ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសំណូមពរដល់ បណ្ដាគណបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិលទាំងអស់ កុំចាត់ទុក «កម្មវិធីឧបត្ថម្ភសាច់ប្រាក់» ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា គឺជាល្បែងទាញយកសន្លឹកឆ្នោត នៅឆ្នាំ២០២៣។
សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការរៀបចំដាក់ឱ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា។
ថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២» នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតជោ ហ៊ុន សែន បានលើកឡើងថា ការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមើលឃើញពីភាពចាំបាច់ ក្នុងការបន្តជួយរក្សាលំនឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជាពិសេសក្នុងបរិបទ នៃការទទួលរងនូវផលប៉ះពាល់ទ្វេដង ពីវិបត្តិជំងឺកូវីដ-១៩ និងការកើនឡើងថ្លៃទំនិញខ្ពស់ ដែលផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ពួកគាត់។
រាជរដ្ឋាភិបាល សម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២ និងបន្តពិនិត្យ និងវាយតម្លៃស្ថានភាពនៅរៀងរាល់ ៣ ខែម្តង។
ក្នុងករណីនេះ សម្ដេចបានមានប្រសាសន៍ថា «ខ្ញុំសូមសំណូមពរ ដល់បណ្ដាបក្សនយោបាយ អង្គការសង្គមស៊ីវិល យោគយល់ចំពោះរាជរដ្ឋាភិបាល កុំចាត់ទុកការធ្វើរបស់រាជរដ្ឋាភិបាល គឺជាល្បែងទាញយកសន្លឹកឆ្នោត នៅឆ្នាំ២០២៣ខាងមុខ»។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រួសារទាំងអស់ ដែលគ្រប់លក្ខខណ្ឌនឹងទទួលបាននូវផលប្រយោជន៍ មិនមែនជាបញ្ហាលេងសើច សម្រាប់នយោបាយនោះទេ ប៉ុន្តែគឺជាការទទួលខុសត្រូវធំណាស់ ចំពោះមុខប្រវត្តិសាស្រ្តជាតិ៕