ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងផ្សាររុង រឿង (OCIC) សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី៦ តុលានេះ ប្រជាពលរដ្ឋបានលើកឡើង ពីបញ្ហាការឡើងថ្លៃសំរាម ការសុំតបណ្តាញទឹកស្អាត ការសុំដោះស្រាយ បញ្ហាបើកផ្លូវសាធារណៈ ស្នើឲ្យអាជ្ញាធរលុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀនជាដើម ត្រូវបានសោះស្រាយ ជាច្រើនជូនប្រជាពលរដ្ឋ ។
ក្នុងវេទិកាសាធារណៈ ធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃ្លាំង ហួត អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាច្រើនបានចូលរួម បានលើកឡើងពីកង្វល់របស់ខ្លួន មានទាំងបញ្ហាការឡើងថ្លៃ តម្លៃប្រមូលសំរាម ការសុំតបណ្តាញទឹកស្អាត នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ការសុំដោះស្រាយបញ្ហាបើកផ្លូវសាធារណៈ ក៏ដូចជាស្នើដល់អាជ្ញាធរលុបបំបាត់ ល្បែងស៊ីសងនិងគ្រឿងញៀន និងសូមជួយដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង នៅតំបន់មួយចំនួន ក្នុងខណ្ឌជ្រោយចង្វា។
ក្នុងវេទិកានោះដែរ មានប្រជាពលរដ្ឋជាច្រើន បានសម្តែងការសាទរយ៉ាងពេញទំហឹង និងជម្រុញឲ្យបន្តបង្ក្រាប ទទួលបានជោគជ័យបន្ថែមទៀត ចំពោះចំណាត់ការរបស់ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ លើការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ។
លោក ឃ្លាំង ហួត អភិបាលរងរាជធានី បានមានប្រសាសន៍ថា ជុំវិញបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ មិនបានព្រងើយកន្តើយឡើយ គឺបានដោះស្រាយជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋ រួមទាំងចំណាត់ការបន្ទាន់ និងការដាក់ផែនការ ដើម្បីរំដោះការលិចលង់នេះ។
លោកបន្តថា រាល់បញ្ហាដែលបាន លើកឡើងផ្ទាល់មាត់ របស់ពលរដ្ឋ បានសន្យាដោះស្រាយជូនភ្លាម។ ចំពោះអ្វីដែលដោះស្រាយមិនទាន់បាន នឹងសុំគោលការណ៍ ដោះស្រាយនៅពេលក្រោយទៀត។ លោកបន្តថា រាល់មតិយោបល់ និងការលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានា របស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ មានដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ ប្រជាពលរដ្ឋជានិច្ច ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ តុលានេះ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ ចំនួន១៣នាក់ ស្មើនឹង១៦បញ្ហា និងសំណើ សំណួរ សំណូមពរក្នុងប្រអប់សំបុត្រ ចំនួន១៦ បញ្ហា៕