ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្ត្រីបច្ចេកទេស ចូលរួមកិច្ចប្រជុំស្ដីពី ការពិនិត្យឡើងវិញ លើការសិក្សា និងការវាយតម្លៃរបបធានារ៉ាប់រងសុខភាព នៃ ប.ស.ស. និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងអង្គការអន្តរជាតិខាងការងារ (ILO) និង ប.ស.ស.។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានលើកថា កិច្ចប្រជុំនាព្រឹកនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រមូលធាតុចូល បន្ថែមពីនាយកដ្ឋានដែលពាក់ព័ន្ធ ទៅលើសេវាថែទាំសុខភាព ដើម្បីបញ្ចប់របាយការណ៍វាយតម្លៃ របបធានារ៉ាប់រងសុខភាពនៃ ប.ស.ស. ព្រមទាំងពិនិត្យលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាងអង្គការអន្តរជាតិខាងការងារ (ILO) និង ប.ស.ស.។
ក្នុងឱកាសជាមួយគ្នានេះ លោកបណ្ឌិត បានថ្លែងអំណរគុណ ចំពោះអង្គការ ILO អង្គការ WHO អង្គភាពM4H និងក្រុមការងារARST ដែលបានផ្ដល់ការគាំទ្រលើ ការសិក្សា និងវាយតម្លៃរបបធានារ៉ាប់រងសុខភាព នៃ ប.ស.ស. កន្លងមក។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ពិភាក្សាលើ របៀបវារៈ ចំនួន៥ចំណុច ដែលរួមមាន៖ (១) គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ថ្មី នៃគម្រោងទំនើបភាវូបនីយកម្ម របស់ ប.ស.ស. (២) វគ្គបណ្តុះបណ្តាលស្តីពីស្ថិតិ (៣) យុទ្ធសាស្រ្តផ្សព្វផ្សាយ របស់ ប.ស.ស. (៤) យន្តការនៃការជំរុញសហគ្រាស ឲ្យចូលទៅក្នុងប្រព័ន្ធ និង (៥) ការងារផ្សេងៗ ដែលបានប្រព្រឹត្តទៅ នៅសាលប្រជុំធំនៃ ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម មកពីនាយកដ្ឋានពាក់ព័ន្ធនៃ ប.ស.ស. អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គភាព M4H៕







