ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យអាជ្ញាធររកជនសង្ស័យ និងជនល្មើសរត់គេចខ្លួន មកផ្ដន្ទាទោសតាមច្បាប់ ក្រោយពាក់ព័ន្ធអំពើជួញដូរមនុស្ស

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានណែនាំដល់អាជ្ញាធស្វែងរកជនសង្ស័យ និងជនល្មើសរត់គេចខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយជាប់ពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីទប់ស្កាត់មិនឲ្យជនទាំងនោះ បង្កអសន្តិសុខ ក្នុងសង្គមជាតិ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប.ជ នាថ្ងៃទី៧ តុលា សម្ដេច ស ខេង បានបញ្ជាក់ថា «អាជ្ញាធរបន្តស្រាវជ្រាវ និងពិនិត្យសំណើថ្មីៗ និងករណីដែលនៅសេសសល់ ដើម្បីសង្គ្រោះជនរងគ្រោះ ស្វែងរកជនសង្ស័យ និងជនល្មើសរត់គេចខ្លួនមកផ្ដន្ទាទោសតាមច្បាប់ និងការបង្ការទប់ស្កាត់មិនឲ្យជនទាំងនោះបង្កអសន្តិសុខ នៅក្នុងសង្គម ។ ពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែន ជាពិសេសច្រកសមុទ្រ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់របស់ជនបរទេស»។

សម្ដេចបន្ដថា អាជ្ញាធរ ក៏ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានពលរដ្ឋរបស់ខ្លួនរងគ្រោះ ឬស្នើសុំអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបមេខ្លោង ឬបណ្តាញ មានអង្គការចាត់តាំងដែលធ្វើការអូសទាញ ឬបោកបញ្ឆោតជនបរទេសឲ្យឆ្លងដែន ដោយស្របច្បាប់ និងមិនស្របច្បាប់ចូលមកកម្ពុជា។

សម្ដេច ស ខេង ក៏បានណែនាំទៀតថា ត្រូវបង្កើនកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងធ្វើការត្រួតពិនិត្យជាប្រចាំ ឬដោយគ្មានការជូនដំណឹងជាមុន ព្រមទាំងអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះបុគ្គល ឬម្ចាស់ទីតាំង ដែលមិនគោរពតាមច្បាប់ ស្ដីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។ ជាពិសេស បន្តចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមគ្រឹះស្ថាន និងសហគ្រាសនានា រួមទាំង ទីតាំងកាស៊ីណូ សំដៅទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មជនបរទសដោយខុសច្បាប់ ព្រមទាំងចាត់វិធានការឲ្យម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ស្របតាមច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីអន្តោប្រវេសន៍របស់កម្ពុជា។

សូមរំលឹកថា ក្នុងរយៈពេល ៥១ថ្ងៃកន្លងមកនេះ ក្រុមការងារ បានស្រាវជ្រាវលើបណ្តឹងដែលអះអាងថា ជាករណីរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៤២០ករណី ។ ផ្អែកលើបណ្តឹងទាំងនេះ សមត្ថកិច្ចបាន បើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបបញ្ជាក់ ដោយបានរកឃើញ ២២៩ករណី មានការពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ក្នុងនោះ ១១៨នាក់ (៥សញ្ញាតិ) ជាជនរងគ្រោះនៃបទល្មើស ដូចជា ការបង្ខាំងជំរិតទារប្រាក់ ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស សញ្ចារកម្ម ល្បែងអនឡាញខុសច្បាប់ ជាដើម ។ 

ទន្ទឹមនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ (ជនជាតិខ្មែរ និងជនបរទេស) និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

To Top