ព័ត៌មានជាតិ

បញ្ចប់តំណែង លោក វេង សាខុន ពីរដ្ឋមន្រ្តីកសិកម្ម និងចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្រ្តីស្ដីទី

ភ្នំពេញ៖ លោក វេង សាខុន ត្រូវបាន ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហត្ថលេខា បញ្ចប់ពីតំណែង ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នារសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ។

ជាមួយនឹងការបញ្ចប់តំណែង លោក វេង សាខុន នេះ​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់តាំង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន។

យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ការចាត់តាំងនេះ រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សេចក្ដីសម្រេចបន្ថែមថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានការចាត់តាំងខាងលើ ប្រើ ប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និងគ្រប់គ្រង ការងាររបស់ក្រសួង អង្គភាពចំណុះរបស់ក្រសួង ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាល នៅក្រោមឱវាទរបស់ខ្លួន៕

To Top