ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំ ឱ្យប្រញាប់រៀបចំផ្តល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ទៅរស់នៅរុនតាឯក និងតំបន់ពាក់ស្នែង ដែលត្រូវបានរៀបចំដោយរាជរដ្ឋាភិបាល ។
នៅលើចំណារ ប៊ិចក្រហម ដែលត្រូវបានផ្សព្វផ្សាយ តាមរយៈបណ្ដាញតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាល់ប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាននេះ គឺត្រូវផ្តល់បណ្ណក្រីក្រប្រភេទទី១ទាំងអស់ ហើយផ្តល់ប្រាក់ឧបត្ថម្ភតាមអត្រាអ្នករស់នៅទីប្រជុំជន។
របាយការណ៍របស់លោក វង សូត បានគូសបញ្ជាក់ថា អត្រាផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នករស់នៅទីប្រជុំជននេះ ក្នុងមួយគ្រួសារទទួលបានប្រាក់ ១២ម៉ឺនរៀល, សមាជិកក្នុងគ្រួសារម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាកុមារអាយុពី ០ទៅ៥ឆ្នាំក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាជនមានពិការភាពក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាមនុស្សចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល និងគ្រួសារមានអ្នកផ្ទុកមេរោគអេដស៍ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀលផងដែរ។
ក្នុងរបាយការណ៍របស់លោក វង សូត ក៏បានជម្រាបសម្តេចតេជោ អំពីការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនលើបណ្តាញសង្គមពាក់ព័ន្ធការផ្តល់ថវិកាឧបត្ថម្ភ ៦០ម៉ឺនរៀលក្នុងមួយខែផងដែរ។ លោក វង សូត បានបញ្ជាក់ថា ការលើកឡើងនោះជាការយល់ច្រឡំរបស់ប្រជាពលរដ្ឋមួយចំនួន។ ថវិកា ៦០ម៉ឺន គឺជាថវិកាឧបត្ថម្ភកម្រិតមធ្យមធៀបនឹងចំនួនអ្នកទទួលផលសរុបទូទាំងប្រទេសប្រចាំខែ។
ក្នុងរបាយការណ៍នេះលោក វង សូត បានជម្រាបសម្តេចតេជោផងដែរ អំពីលទ្ធផលនៃការបើកប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកទើបទទួលបណ្ណថ្មី រយៈពេលពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា។ របាយការណ៍ បង្ហាញថា រយៈពេល៣ថ្ងៃនេះ បើកជូនប្រជាពលរដ្ឋបានចំនួន ៣,១៥៧គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ៦០២,៥៤៤,០០០រៀល។ ដោយឡែកគ្រួសារកំពុងទទួលផល ហើយប្តូរបណ្ណថ្មីមានចំនួន ១,០២១បណ្ណ៕