ព័ត៌មានជាតិ

កម្ពុជា ផលិតនាឡិកា ២៥គ្រឿង សម្រាប់ជាកាដូ ជូនថ្នាក់ដឹកនាំកំពូល មកប្រជុំអាស៊ាន នៅកម្ពុជា នាពេលខាងមុខ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យដឹងជាលើកដំបូង អំពីការផលិតនាឡិកាម៉ាក ASEAN ផលិតនៅកម្ពុជា (Made in Cambodia) ចំនួន ២៥គ្រឿង សម្រាប់ចែកជាកាដូជូនថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសដៃគូ ដែលអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ទោះបីនៅរាធានីភ្នំពេញ មិនបានប្រារព្ធពិធីបុណ្យអុំទូកក៏ដោយ ប៉ុន្ដែ សម្ដេច ក៏បានបើកឱកាសឱ្យបណ្ដាលខេត្តនានា ប្រារព្ធពិធីអុំនៅខេត្តរបស់ខ្លួន។

សម្ដេចតេជោ រៀបរាប់ថា មូលហេតុនៅរាជធានីភ្នំពេញ មិនបានប្រារព្ធពិធីអុំទូក ដោយសារតែកម្ពុជា ជាប់រវល់ប្រជុំអាស៊ាន ដូច្នេះត្រូវការពារថ្នាក់ដឹកនាំ បណ្ដាប្រទេសនានា ដែលអញ្ជើញមកប្រទេសកម្ពុជា ដើម្បីប្រជុំអាស៊ាន។

សម្ដេចតេជោ បញ្ជាក់ថា «យើងផលិតនាឡិការហូតដល់ ២៥គ្រឿង សម្រាប់ថ្នាក់ដឹកនាំកំពូល និងសា្ថប័នកំពូលផងដែរ។ ដាក់អាស៊ានតែម្ដង គឺ Made in Cambodia ប៉ុន្តែផលិតនៅកម្ពុជា ឱ្យគេដឹងថា ខ្មែរបច្ចុប្បន្ននេះ អាចផលិតបាននាឡិកាហើយ ខ្ញុំនឹងចែកជាកាដូចជូនចំពោះប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ហើយថ្ងៃនោះ ខ្ញុំនឹងពាក់នាឡិកាម៉ាកអាស៊ានតែម្ដង»។

សម្ដេចតេជោ បន្ថែមថា អាស៊ាន មានតែ១០ទេ ប៉ុន្ដែមានដៃគូច្រើន និងប្រធានស្ថាប័នពិភពលោក ដូចជា៖ ប្រធានធនាគារពិភពលោក អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិIMF ប្រធានធនាគារADB អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។

ក្រៅពីនេះ សម្ដេចតេជោ បានឱ្យដឹងទៀតថា ក៏មានវត្តមានប្រធានអង្គការ សុខភាពពិភពលោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ដែលសុទ្ធតែមកចូលរួម កិច្ចសន្ទនាសាកលលើកទី២ នៅកម្ពុជា។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ រឹតបន្តឹងការការពារសន្តិសុខឲ្យខ្ពស់បំផុត ដើម្បីការពារសន្តិភាព សុវត្ថិភាពដល់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន និងប្រទេសផ្សេងទៀត ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាខាងមុខនេះ។ សម្តេច បន្ដថា ត្រូវរឹតបន្តឹងផ្នែកសន្តិសុខទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ផងដែរ៕

To Top