ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា៖ ស.វទី២១ហើយ ប្រទេសមួយដើរយកដីគេ មិនមែនជារឿងត្រឹមត្រូវទេ

ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជំហរ មិនគាំទ្រឲ្យមានការឈ្លានពាន​ យកទឹកដីអ៊ុយក្រែន ពីសំណាក់ ប្រទេសរុស្ស៊ីនោះទេ ដែលសម្ដេចបានលើកឡើងថា ស.វទី២១ហើយ ប្រទេសមួយដើរយកដីគេ មិនមែនជារឿងត្រឹមត្រូវនោះទេ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ស្របពេលភាពតានតឹង នៃប្រទេសទាំងពីរ (រុស្ស៊ី-អ៊ុយក្រែន) គ្មានសញ្ញាថមថយណាមួយនោះឡើយ ចាប់តាំងពីខែកុម្ភៈ រហូតមកដល់បច្ចុប្បន្ននេះ។ កាលពីចុងខែកញ្ញា កន្លងទៅថ្មីៗនេះ រុស្ស៉ីបានរៀបការ ចំឲ្យមានការបោះឆ្នោត ធ្វើប្រជាមតិ នៅក្នុងតំបន់ចំនួន៤ ដែលស្មើនឹងប្រមាណជា១៥ភាគរយ នៃទឹកដីអ៊ុយក្រែនទាំងមូល (Lugansk, Donetsk, Zaporozhye និង Kherson) ឲ្យចូលជាទឹកដីរបស់ខ្លួន។

ថ្លែងចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោបានគូសបញ្ជាក់ថា «វាមិនមែនជារឿងល្អនោះទេ នៅក្នុងស.វទី២១ហើយនោះ ដែលប្រទេសមួយដើរយកដីពីប្រទេសមួយ មិនមែនជារឿងត្រឹមត្រូវទេ »។

សម្ដេចបានលើកឡើងជា ឧទាហរណ៍ថា បើប្រទេសជិតខាងយើង ធ្វើចឹងដាក់យើងតើយើងខឹងទេ?
សម្ដេចសង្កត់ធ្ងន់ថា “ដូច្នេះយើងត្រូវប្រកាន់យកគោលការណ៍ ច្បាប់ជាមូលដ្ឋាន”។

សូមបញ្ជាក់ផងដែរថា ភាពតានតឹង រវាងរុស្ស៊ីនិងអ៊ុយក្រែន បាននិងកំពុងឡើងកម្ដៅថែមមួយកម្រិតទៀត ក្រោយមានការបំផ្ទុះស្ពានយុទ្ធសាស្រ្ត របស់លោកពូទីន ដែលឆ្លងកាត់ពីរុស្ស៊ីទៅកាន់តំបន់គ្រីមៀ និងជាការឆ្លើយវិញនោះ ខាងភាគីរុស្ស៊ី បានបាញ់មីស៊ីល ជាច្រើនគ្រាប់ចូលទីក្រុងគៀវ ដែលបណ្ដាលឲ្យមនុស្ស ជាច្រើននាក់បានស្លាប់ និងរងរបួស៕

To Top