ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស ជនជាប់ចោទ ប្រុស-ស្រី ២នាក់ ជាប់គុក ក្នុងម្នាក់ៗ ពី៥ ទៅ៦ ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសសូកប៉ាន់ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន

ភ្នំពេញ: ចៅក្រមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោសជន ជាប់ចោទស្រី-ប្រុស ចំនួន ២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ពី ៥ ទៅ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ការយកលុយ ចំនួន ១០ម៉ឺនដុល្លារអាមេរិក ទៅសូកប៉ាន់មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀន នៅក្នុងមន្ទីរប្រឆាំងគ្រឿងញៀន ក្នុងក្រសួងមហាផ្ទៃ ជាថ្នូរនឹងការដោះ ជនល្មើសគ្រឿងញៀន ពីការចាប់ឃាត់ខ្លួន ប្រពឹ្រត្តកាលពីចុងខែមេសា ឆ្នាំ ២០២២។

លោក ឃួន សូណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា: ជនជាតិចោទទាំង២នាក់ មានឈ្មោះ  ប៉ុល ចិត្រា ភេទប្រុស អាយុ៣៦ ឆ្នាំ (ស្ថិតនៅក្នុងឃុំ) ត្រូវជាប់គុក កំណត់៦ ឆ្នាំ ពេញ។ ចំណែកឯ ឈ្មោះ ប៉ុល រ៉ានី ភេទស្រី អាយុ៤៩ឆ្នាំ ( ស្ថិតនៅក្រៅឃុំ) ត្រូវជាប់គុកកំណត់ ៥ ឆ្នាំ ក៏ប៉ុន្តែការអនុវត្តទោស ត្រូវព្យួរទោសទាំងអស់។  អ្នកទាំង២នាក់ គឺ ត្រូវជាបងប្អូនបង្កើតនឹងគ្នា។

តុលាការក៏បាន សម្រេចរឹបអូសយក វត្ថុតាង (លុយសំណូក) ចំនួន ១០ម៉ឺនដុល្លារ នោះ ទុកជាទ្រព្យសម្បត្តិរដ្ឋ។

លោកចៅក្រមសូណា បានថ្លែងថា: នៅក្នុងចំណោម ជនជាប់ចោទទាំង២នាក់នេះ, ជនជាប់ចោទឈ្មោះ ប៉ុល ចិត្រា ត្រូវជាប់ចោទពីបទ: «ផ្តើមគំនិតក្នុងអំពើសូកប៉ាន់» តាមបញត្តិ មាត្រា២៨ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ ច្បាប់ស្តីពីប្រឆាំងអំពើរពុករលួយ។

ចំណែកឯ ឈ្មោះ ប៉ុល រ៉ានី ត្រូវជាប់ចោទពីបទ: «សូកប៉ាន់» តាមបញ្ញត្តិមាត្រា ៦០៥  នៃក្រមព្រហ្មទណ្ឌ  និង មាត្រា៣២ ច្បាប់ស្តីប្រឆាំងអំពើ ពុករលួយ។

គួររំលឹកថានាពេលសវនាការ កាលពីថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២២, ជនជាប់ចោទទាំង២នាក់ ដែលមានវត្តមាននៅក្នុងរង្វង់ ក្រចក់សេះ នៃ បន្ទប់សវនាការ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់របស់ពួកគេ អំពីសំណាក់តំណាងអយ្យការ។

ទោះជាយ៉ាងណាក្តី, ពួកគេ បានទទួលស្គាល់ថា: នៅថ្ងៃកើតហេតុនោះ ពួកគេ  ពិត បានយកលុយចំនួន ១០ ម៉ឺនដុល្លារ ប្រាក់ដុល្លារ មាន៩៦,០០០ដុល្លារ និងប្រាក់រៀលចំនួន១៦លារៀល) ប្រគល់ទៅឲ្យ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនម្នាក់ ឈ្មោះ វរសេនីយ៍ឯក ជា ចំរ៉ុង មែន នៅក្នុងបន្ទប់របស់គាត់ នៅក្នុងមន្ទីរប្រឆាំងគ្រឿងញៀន នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងរាជធានីភ្នំពេញ ដើម្បីជាថ្នូរនឹងការដោះលែង ឈ្មោះ ប៉ុល ចិត្រា និង មិត្តភក្តិចំនួន ៥ នាក់ ទៀត ដែលត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និង ត្រូវឃាត់ខ្លួនបណ្តោះអាសន្ន នៅឯ ក្រសួងមហាផ្ទៃ។

ចំពោះ លុយនោះ គឺ បានមក ពីការយក ពីយកប្លង់ដី ទៅបញ្ចាំគេ ដោយមានការប្រាក់ ចំនួន ៥ % នៅក្នុង១ ខែ។

ពួកគេបាននិយាយទៀតថា: ការលុយ ១០ ម៉ឺនដុល្លារទៅ ឱ្យ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀននេះ គឺត្រូវបានធ្វើឡើង តាមការទាមទារ និង យល់ព្រម អំពីសំណាក់មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន ផងដែរ  ដែល បានអះអាងប្រាប់ពួកគេថា ពួកគេនឹងដោះលែង មនុស្សទាំង៦ នាក់ ការឃាត់ខ្លួន  នៅពេលដែល ទទួលបានលុយ ១០ ម៉ឺនដុល្លារនោះ។

ក៏ប៉ុន្តែ លោកវរសេនីយ៍ឯក ជា ចំរ៉ុង បានថ្លែងប្រាប់សវនាការថា ការដែលលោកបានសម្រេច ទទួលយក លុយ ពី ជនជាប់ចោទ នៅពេលនោះ គឺត្រូវបាន ឆ្លងកាត់យោបល់ ការណែនាំ  និង មានការបញ្ជាយ៉ាងច្បាស់លាស់ អំពីថ្នាក់លើ នៅមន្ទីរប្រឆាំងគ្រឿងញៀន និង នៅអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ព្រមទាំងបាន ការរាយការណ៍ និង សហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ទៀតផង៕

ដោយ: លីហ្សា

To Top