ភ្នំពេញ ៖ សិស្សនិស្សិត បានគាំទ្រ ឱ្យមានការហាមឃាត់ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាព ក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា ។
ការគាំទ្រនេះ ធ្វើឡើងក្នុងកម្មវិធីនិយាយ ជាសាធារណៈស្ដីពី «ការហាមឃាត់ការផ្សាយ ពាណិជ្ជកម្មគ្រឿង ស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុង ព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា» ដែលរៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។

សិស្សនិស្សិត បានលើក ឡើងថា ឧស្សាហកម្មគ្រឿងស្រវឹង បានប្រើយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួន ក្នុងការអូសទាញកុមារ និងយុវជន តាមរយៈការផ្សព្វផ្សាយ គ្រឿងស្រវឹង លើផ្ទាំងបដា ឬអេក្រង់ LED ការដាក់ស្តង់បង្ហាញម៉ាក ឬចែកសម្ភារៈមានម៉ាកគ្រឿងស្រវឹង (មួក ឆ័ត្រ អាវយឺត ផ្លិត) ឧបត្ថម្ភកម្មវិធីកីឡា ការចែកគ្រឿងស្រវឹង ដោយឥតគិតថ្លៃ ឬផ្ដល់រង្វាន់ផ្សេងៗ លេងល្បែងកម្សាន្តជាមួយភ្នាក់ងារគ្រឿងស្រវឹង និងការជួលតារាល្បីៗ ឱ្យផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា។

ក្រុមសិស្សនិស្សិត ក៏បានលើកឡើងថា សកម្មភាពរបស់ឧស្សាហកម្មគ្រឿង ស្រវឹងកំពុងធ្វើនេះ បានជះឥទ្ធិពលអាក្រក់ជាច្រើនទៅលើកុមារនិងយុវជន។ កុមារនិងយុវជន ត្រូវបានជម្រុញ អោយចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើនក្នុងវ័យក្មេងខ្ចី តាមរយៈសារនិងរូបភាពទាក់ទាញ ការធ្វើត្រាប់តាមអាយដុលផ្សាយស្រាបៀរ ការផ្តល់គ្រឿងស្រវឹងដោយឥតគិតថ្លៃ ជាដើម។

ជាលទ្ធផល កុមារ និងយុវជន ទទួលរងនូវការប៉ះពាល់ ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ការលូតលាស់មិនប្រក្រតីរបស់កុមារ ប៉ះពាល់ដល់ការលូតលាស់ របស់ខួរក្បាល និងដល់ការសិក្សា ។ មិនតែប៉ុណ្ណោះ ការផ្សាយពាណិជ្ជកម្មបំផ្លើស នៃគ្រឿង ស្រវឹង ប៉ះពាល់ដល់សិទ្ធិទទួល បានព័ត៌មានត្រឹមត្រូវនិងសិទ្ធិ ទទួលបានសុខភាពល្អ ដែលមានចែងក្នុងសន្ធិសញ្ញាស្តីពីសិទ្ធិកុមារ ។ អំពើហិង្សាដែលកើតមានក្នុងអំឡុងពេលមុនប្រកួត ពេលប្រកួត និងក្រោយប្រកួតកីឡា ដែលជម្រុញដោយការសេពគ្រឿងស្រវឹង ជះឥទ្ធិពលអាក្រក់ដល់កុមារ និងយុវជន។

គួរបញ្ជាក់ផងដែរថា បេក្ខជនឆ្នើមទាំង១០រូប ដែលបានប្រកួតគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនេះ ត្រូវបានជ្រើសរើសដោយគណៈកម្មការ ចេញពីយុវជនរាប់រយនាក់ដែលបានផ្ញើអត្ថបទចូលរួមកម្មវិធីប្រកួតនេះ។ បេក្ខជនទាំង១០រូបនេះមកពីវិទ្យាល័យជំនាន់ថ្មីគោកព្រីង ចំនួន៣រូប វិទ្យាល័យហ៊ុនសែនប្រាសាទបាគង ១រូប វិទ្យាល័យដុនបូស្កូ ១រូប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ១រូប សាកលវិទ្យាល័យស្វាយរៀង ១រូប សាកលវិទ្យាល័យអន្តរជាតិឌូវី ១រូប សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ១រូប និងអ្នកនិពន្ធឯករាជ្យ ១រូប៕

