ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាកយករដ្ឋមន្រ្តី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តបាត់ដំបង បានថ្លែងថា ចង់ប្រឆាំងគេឈ្នះ ចង់វាយគេឲ្យឈ្នះ ត្រូវឈ្នះភាពឆេវឆាវ និងចិត្តអំនួតខ្លួនឯង ជាមុនសិន។
ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារអន្តេវាសិកដ្ឋាន ទីចាត់ការ និងសមិទ្ធផលនានា នៃវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង តាគ្រាម ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា បន្ទាប់ពីបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាពហើយនោះ ខ្មាំងសត្រូវនាពេលបច្ចុប្បន្ន របស់ជនរួមជាតិ យ៉ាងហោចណាស់ មាន៣ រួមមាន ៖ គឺទី១-ភាពល្ងិតល្ងង់ ឬអវិជ្ជា ,ទី២- ភាពក្រីក្រ និងទី៣ គឺខ្លួនឯង ។
សម្ដេចបញ្ជាក់ថា «ចង់ប្រឆាំងគេឈ្នះ ចង់វាយគេឲ្យឈ្នះ ត្រូវឈ្នះភាពឆេវឆាវ និងចិត្តអំនួតខ្លួនឯងសិន ចិត្តលោភលន់ មើលងាយមើលថោកអ្នកដទៃ នោះហើយជាខ្មាំងសត្រូវរបស់យើង»។
លើសពីនេះ សម្ដេច ស ខេង ក៏បានបញ្ជាក់ជូនអង្គពិធីអំពីការបន្តយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលចំពោះគោលនយោបាយអាទិភាព៤ គឺមនុស្ស ផ្លូវ ទឹក និងភ្លើងអគ្គិសនី ដើម្បីធានាការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បំពេញសេចក្ដីត្រូវការប្រជាពលរដ្ឋ ព្រមទាំងឈាន ទៅប្រកួតប្រជែង សមត្ថភាពធនធាន មនុស្ស ទាំងក្នុងតំបន់ និងអន្តរជាតិ។
សម្ដេចបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានកសាងសាលារៀន ទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ព្រមទាំងសំណង់ហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗ បម្រើផលប្រយោជន៍សាធារណៈ ៕