កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយមន្ត្រីអង្គភាពពាក់ព័ន្ធ នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នេះ បានអញ្ជើញចុះពិនិត្យ ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ដោយជំនន់ទឹកទន្លេ ប្រមាណជាជាង ៧០០ហិចតា ក្នុងឃុំចំនួន ៦ ស្រុកស្ទឹងត្រង់ ។
តាមមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដោយសារជំនន់ទឹកទន្លេមេគង្គ បណ្ដាលឱ្យប៉ះពាល់ខូចខាតដំណាំស្រូវ មាន ៦ ឃុំនៅក្នុងស្រុកស្ទឹងត្រង់ ក្នុងនោះមាន៖
ទី១ ៖ ឃុំពាមកោះស្នា ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ២៧០ ហិចតា
ទី២ ៖ ឃុំខ្ពបតាង៉ូន ប៉ះពាល់ ៦ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១៦៣ ហិចតា
ទី៣ ៖ ឃុំអារក្សត្នោត ប៉ះពាល់ ២ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១១៥ ហិចតា
ទី៤ ៖ ឃុំព្រែកបាក់ ប៉ះពាល់ ៤ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧៧ ហិចតា
ទី៥ ៖ ឃុំព្រែកក់ ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧១ ហិចតា
ទី៦ ៖ ឃុំព្រះអណ្ដូង ប៉ះពាល់ ៣ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៦៥ ហិចតា ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ក្នុងការខូចខាតដំណាំស្រូវដោយជំនន់ទឹកទន្លេមេគង្គនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១,៤៤៦ គ្រួសារ ក្នុងឃុំទាំង ៦ ដែលត្រូវស្ដារឡើងវិញ ។
ទាក់ទងទៅនឹងដំណោះស្រាយ ជូនប្រជាពលរដ្ឋខាងលើ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានចុះពិនិត្យ និងបូកសរុបរបាយការណ៍ខូចខាតរួចហើយ និងធ្វើការរាយការណ៍ជូនគណៈកម្មការគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីបានពូជស្រូវយកទៅចែកជូនពួកគាត់ជាបន្ទាន់ ក្នុងពេលឆាប់ៗនេះ ៕