ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២២ នេះ បានប្រកាសសាលក្រម និង សម្រេចកាត់ទោស ស្រ្តីជាប់ចោទម្នាក់ ដាក់គុក កំណត់ ៣០ ឆ្នាំ និង ពិន័យ ជាប្រាក់ចំនួន ១០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជិត ១ គីឡូក្រាម ប្រព្រឹត្ត នៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែ មីនា ឆ្នាំ ២០២២។
លោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យថ្លែងឱ្យដឹងថា: ស្រ្តីជាប់ចោទ រូបនេះ មានឈ្មោះ អ៊ូច សុខនី ភេទស្រី អាយុ ២៩ ឆ្នាំ មានមុខរបរ មិនពិតប្រាកដ។
ស្រ្តីជាប់ចោទរូបនេះ ត្រូវបានជាប់ចោទពីបទ: រក្សាទុកក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ត្រូវចាប់ខ្លួន កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ជិត ១ គីឡូក្រាម ពីនាង ៕
ដោយ: លីហ្សា