ព័ត៌មានជាតិ

សម្ដេចតេជោ អភ័យទោស ជាមួយការនិយាយខ្លាំង តែមិនដល់ថ្នាក់ ឌូតឺតេ ជេរបណ្ដាថ្នាក់ដឹកនាំ ប្រទេសផ្សេងៗ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអភ័យទោស ជាមួយនឹងការនិយាយខ្លាំងៗ ហើយមានពាក្យពេចន៍ខ្លះអសុរោះ ព្រោះជាចរឹករបស់សម្ដេច ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចថា គឺមិនដល់ថ្នាក់ លោក ឌូតឺតេ អតីតប្រធានាធិបតីហ្វីលីពីន ដែលជេរបណ្ដាមេដឹកនាំ ប្រទេសផ្សេងៗ ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោថ្លែងបញ្ជាក់ថា «ខ្ញុំ សូមអភ័យទោស ជាមួយនឹងការនិយាយខ្លាំងៗ ហើយមាន ពាក្យពេចន៍ខ្លះអសុរោះ ប៉ុន្ដែនេះជាចរឹករបស់ ហ៊ុន សែន ។ ប៉ុន្ដែខ្ញុំមិនដល់ថ្នាក់ ឌូតឺតេ អតីតប្រធានាធិបតីហ្វីលីពីនទេ គាត់ជេរប្រធានាធិបតីប្រទេសផ្សេង ឬអគ្គរដ្ឋទូតប្រទេសផ្សេង សុទ្ធតែកូនមីសំផឹង ។ ខ្ញុំមិនដល់ថ្នាក់ប៉ុណ្ណឹងទេ គ្រាន់តែហៅ អា ព្រោះពិបាកហៅ ឯកឧត្តម ពេក ។ ខ្ញុំ សូមអាធ្យាស្រ័យសម្ដីខ្លាំងៗ ប៉ុន្ដែមានការចាំបាច់ដើម្បីនិយាយ»៕

To Top