ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពលើការសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការ បន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ងាកមក ប្រើប្រាស់រថយន្តប្រភេទនេះឲ្យបានច្រើន ដើម្បីកាត់ បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ។
នាឱកាសលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម នាថ្ងៃទី១១ តុលា លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ស្នើសុំឲ្យក្រសួងពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់រថយន្ត ប្រភេទ Hybrid ឲ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកជួយកម្ពុជា សម្រេចគោលដៅអព្យាក្រឹត្យកាបូន (Carbon Neutrality) នៅឆ្នាំ២០៥០ ។
លោកទេសរដ្ឋមន្ត្រី ស្វាគមន៍ចំពោះលោកអគ្គនាយក និងសហការី និងបានអបអរសាទរដល់ក្រុមហ៊ុនដែល បានរៀបចំរោងចក្រដំឡើងរថយន្ត នៅកម្ពុជាដែលជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់វិស័យ យានយន្តនៅកម្ពុជាឲ្យមានការ រីកចម្រើនមួយកម្រិតទៀត។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការគាំទ្រនៅក្នុងការបន្ធូរបន្ថយពន្ធនាំចូល ជាពិសេសករណីរថយន្តប្រភេទ Hybrid ដែលក្រុមហ៊ុនតូយ៉ូតា បានលើកឡើងខាងលើនេះអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សា ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែង ជំរុញការប្រើប្រាស់ យានយន្តអគ្គិសនីឲ្យបាន កាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីចូលរួមចំណែក កាត់បន្ថយការបំពុលបរិស្ថាន តាមរយៈគម្រោងដំឡើងស្ថានីយ បញ្ចូលថាមពលរថយន្តអគ្គិសនី នៅតាមបណ្តារាជធានី-ខេត្ត ក៏ដូចជាជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឲ្យ មានការប្រើប្រាស់យានយន្តអគ្គិសនី ពីសំណាក់សាធារណជនទូទៅ និងស្វែងរកកិច្ចសហការ ជាមួយក្រុមហ៊ុននានា ដើម្បីជំរុញការដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី ឱ្យបានច្រើនបន្ថែមទៀតទូទាំងផ្ទៃប្រទេស។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខសម្រាប់យាន យន្តតូយ៉ូតា គ្រឿងបន្លាស់ និងសេវាកម្មទាំងអស់នៅកម្ពុជា។ ចាប់តាំងការឈានជើងចូលមកដំណើរការ នៅកម្ពុជា កាលពីឆ្នាំ១៩៩៣ មកទល់សព្វថ្ងៃ ក្រុមហ៊ុន បានបើកដំណើរការសាខាចំនួន៥ នៅទូទាំងប្រទេសព្រមទាំង បន្តការកែលម្អឥតឈប់ឈរ និងផ្តល់នូវផលិតផល ក៏ដូចជាសេវាកម្មដែលមានគុណភាពល្អ ដល់អតិថិជនជាបន្តបន្ទាប់ ហើយតាមតថភាពជាក់ស្តែង រថយន្តដែលទទួលបានការនិយម ប្រើប្រាស់ច្រើនជាងគេក្នុងសង្គមកម្ពុជាគឺ រថយន្តម៉ាកតូយ៉ូតា ៕