ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ ហាមរថយន្តធុនធ្ងន់កំពស់ ២,៣ម៉ែត្រ ចរាចរផ្លូវលេខ៨០១, ៨២១, ៨២៣ និង៨២៧

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសហាមឃាត់ មិនឲ្យរថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទដែល មានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧ ។ នេះយោងតាមលិខិតរបស់រដ្ឋបាលខេត្តនាថ្ងៃ១២ តុលា។

ការហាមឃាត់នេះធ្វើឡើបន្ទាប់ពីក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា ការធ្វើចរាចររថយន្តដឹកដីទម្ងន់ ២,៥តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទូច រថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ផ្សេងៗទៀត ឆ្លងកាត់ផ្លូវលេខ ៨០១ ផ្លូវលេខ៨២១ ផ្លូវលេខ៨២៣ និងផ្លូវលេខ៨២៧ បានបង្កគ្រោះថ្នាក់ជាញឹកញាប់ បណ្ដាលឲ្យបាត់បង់ អាយុជីវិត មនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងបរិក្ខាផ្លូវថ្នល់។ ដោយមូលហេតុថា ផ្លូវទាំង៤ខ្សែនេះ ជាផ្លូវ មានចំណោតខ្លាំង និងវែង មិនសមស្របឲ្យប្រភេទរថយន្តធុនធ្ងន់ធ្វើចរាចរឆ្លងកាត់ ។

ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅទីតាំងខាងលើ រដ្ឋបាលខេត្តនឹងរៀបចំដាក់ របាំងហាមឃាត់រថយន្តឆ្លងកាត់ដែលមានកំពស់២,៣ម៉ែត្រ ស្លាកសញ្ញាជូនដំណឹង និងស្លាក សញ្ញាហាមឃាត់នានា លើផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧ ។

រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទដែលមានកំពស់លើសពី២,៣ម៉ែត្រ ចូលរួមសហការអនុវត្ត៕

To Top