ព័ត៌មានជាតិ

៩ខែ ពន្ធដារ ប្រមូលចំណូល ជាង២ពាន់លានដុល្លារ ស្មើនឹង៩៥% នៃផែនការច្បាប់ ស្ដីពីហិរញ្ញវត្ថុ

ភ្នំពេញ ៖ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ពន្ធដារ ប្រមូលចំណូល ជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យប្រមាណ ២៦៩៣,៣៨លានដុល្លារ ស្មើនឹង ៩៥,៥៣% នៃផែនការច្បាប់ ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធ ប្រចាំខែកញ្ញា និងសម្រាប់រយៈពេល ៩ខែ ឆ្នាំ២០២២ នាថ្ងៃទី១១ តុលា លោក គង់ វិបុល បានបញ្ជាក់ថា «សរុបរយៈពេល ៩ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១០ ៩០៨,១៩ ប៊ីលានរៀល (ប្រមាណជា ២ ៦៩៣,៣៨ លានដុល្លារ) ស្មើនឹង ៩៥,៥៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថា កើនឡើងចំនួន ២ ៣៥១,០៧ ប៊ីលានរៀល (ប្រមាណជា ៥៨០,៥១ លានដុល្លារ) ស្មើនឹង ២៧,៥០%» ។

លោកបន្ដថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅមុតស្រួច ដើម្បីធ្វើទំនើបកម្មពន្ធដារ ប្រកបដោយបុរេសកម្ម ចាប់តាំងពីឆ្នាំ២០១៤ ស្របតាមគោល នយោបាយនិងយុទ្ធសាស្ត្រសំខាន់ៗ របស់រាជរដ្ឋាភិបាល ដែលមាន ដូចជា យុទ្ធសាស្ត្រចតុកោណ កម្មវិធីកំណែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល។

លោកអគ្គនាយកដ្ឋានបន្ថែមថា ជាលទ្ធផលនៃការខិតខំ អនុវត្តកម្មវិធីកំណ ទម្រង់ពន្ធដារ ស៊ីជម្រៅ មុតស្រួចអគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវមូលដ្ឋានគ្រឹះនៃប្រតិបត្តិការរបស់ខ្លួន ស្របតាមគោលការណ៍អភិបាល កិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) ជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ៕

To Top