ស្វាយរៀង៖ លោកស្រី ហ៊ឹម ម៉ាលី ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុករំដួល នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ប្រគល់ថវិកាទិញអំពូលភ្លើង ចំនួន ៣០អំពូល ស្មើរនិងថវិកា២២៥០ដុល្លារ ដល់រដ្ឋបាលស្រុករំដួល ដើម្បីដាក់បំភ្លឺផ្លូវ នៅទីប្រជុំជនផ្សារកំពង់ចក។
លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានឲ្យដឹងថា ចាប់ផ្តើមដំបូង លើការអភិវឌ្ឍន៍ ដែលលោកទើបតែមកកាន់តំណែង ជាអភិបាលស្រុក បានរយៈពេលជិតមួយខែនេះ ភ្លើងបំភ្លឺផ្លូវសាធារណៈ គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនស្រុករំដួល និងមានភ្លើងបំភ្លឺផ្លូវ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរនៅពេលយប់ក៏ដូចជាសោភ័ណភាព ទីប្រជុំជននៅស្រុករំដួល ឲ្យមានភាពល្អប្រសើរ តាមរយៈការជួយគាំទ្រ ពីសប្បុរជនជិតឆ្ងាយ។
លោកក៏បានថ្លែងអំណរគុណដល់លោកស្រី ហ៊ឹម ម៉ាលី ដែលជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករំដួលបានឧបត្ថម្ភនូវអំពូលភ្លើង ចំនួន៣០ អំពូលក្នុងការដាក់ភ្លើងបំភ្លឺតាមផ្លូវ នៃទីប្រជុំជនផ្សារកំពង់ចក ហើយក្រុមការងារបច្ចេកទេសជំនាញ នឹងរៀបចំបំពាក់អំពូលភ្លើង នាពេលខាងមុខនេះ ឲ្យមានភាពទាក់ទាញ និងស្រស់បំព្រង ហើយប្រជាពលរដ្ឋ ក៏អាចប្រកបមុខរបររកស៊ី និងធ្វើដំណើរនាពេលយប់ក៏បាន ដោយគ្មានការភ័យខ្លាច។
លោក ហែម ស៊ីណា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជួយឧបត្ថម្ភគាំទ្រ ការដាក់ភ្លើងបំពូលផ្លូវសាធារណៈ នៅទីប្រជុំជនស្រុករំដួល ហើយសូមចូលរួមថែរក្សា សមិទ្ធផលទាំងនេះ ដើម្បីជាប្រយោជន៍រួម និងបានយូរអង្វែង។
ពលរដ្ឋមួយចំនួននៅស្រុករំដួល កោតសរសើរមិនដាច់ពីមាត់ ចំពោះគោលគំនិតច្នៃប្រឌិតរបស់ ហែម ស៊ីណា អភិបាលស្រុករំដួល ក្នុងការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅស្រុករំដួលផងដែរ៕