ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់ យកថ្ងៃទី១៤តុលា បើកសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ចំពោះលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវដកចេញពីតួនាទី។

ការកំណត់របស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បន្ទាប់ពីបានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព សម្ដេចហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែតុលា ។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាព សមាជិកនៃរាជរដ្ឋាភិបាល ដល់លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម ដើម្បីដាក់ជូនរដ្ឋសភាបោះ ឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។
គួររំលឹកថា កាលពីថ្ងៃ៨ តុលា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់លិខិតស្នើមកកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោកឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួសលោកវេង សាខុន ដែលត្រូវព្រះមហាក្សត្របញ្ចប់តួនាទីកាលពីពេលកន្លងមក។
កាលស្នើសុំនេះ បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងលោកវេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទតាមការស្នើសុំ របស់រាជរដ្ឋាភិបាល ។ ក្រោយបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីកសិកម្មរាជរដ្ឋាភិបាល កម្ពុជា ក៏បានចាត់តាំងលោកឧបនាយក រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្រ្តីស្តីទីជំនួសលោកវេង សាខុនលើមុខតំណែងបច្ចុប្បន្ន រហូតមានការតែងតាំងរដ្ឋមន្រ្តីកសិកម្មថ្មី។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកាលពី ពេលថ្មីៗនេះបានស្នើថ្វាយព្រះមហាក្សត្រដាក់លោកវេង សាខុនជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕






